Yearendyearend1140x150

អ្នកអភិរក្សសត្វត្មាត ព្រួយបារម្ភពី«ការផុតពូជសត្វត្មាត»នាពេលអនាគត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សត្វត្មាតកំពុងស៊ីចំណីនៅអាហារដ្ឋានត្មាត (រូបភាព ក្រសួងបរិស្ថាន)

រតនគិរី៖ តាមរយៈលទ្ធផលជំរឿនសត្វត្មាតចុងក្រោយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ សត្វត្មាតជិតផុតពូជចំនួន ១៣៤ ក្បាល ត្រូវបានក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាកត់ត្រាទុក។ បើធៀបនឹងជំរឿនឆ្នាំ២០២១ សត្វត្មាតចំនួន ១២១ ក្បាល ត្រូវបានកត់ត្រា។ បើទោះជាចំនួនសត្វត្មាតមានការកើនឡើង ប៉ុន្ដែប៉ុន្តែក្រុមការងារអភិរក្សសត្វត្មាតមានការព្រួយបារម្ភលើសម្ពាធនៃការបរបាញ់ ការដាក់អន្ទាក់និងការបំពុលដែលបន្តកើតឡើង អាចនាំឱ្យវត្តមានសត្វត្មាតប្រឈមនឹងការផុតពូជ។

តាមរយៈលទ្ធផលជំរឿនសត្វត្មាតចុងក្រោយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ របស់ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាបានកត់ត្រាសត្វត្មាតជិតផុតពូជចំនួន ១៣៤ ក្បាល ក្នុងនោះមានវត្តមានសត្វត្មាតភ្លើងចំនួន ១៩ក្បាល ត្មាតត្នោតចំនួន ៤៤ក្បាល និងត្មាតផេះមានចំនួន ៧១ក្បាល។ បើធៀបនឹងជំរឿនឆ្នាំ២០២១ សត្វត្មាតចំនួន ១២១ ក្បាល ត្រូវបានកត់ត្រា ហើយក្នុងនោះ មានសត្វត្មាតភ្លើង ២០ ក្បាល ត្មាតត្នោត ៣៥ ក្បាល និងត្មាតផេះ ៦៦ ក្បាល។

ខេត្តរតនៈគិរី គឺជាខេត្តសំខាន់មួយដែលមានទីជម្រកធម្មជាតិ ជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាតជិតផុតពូជរបស់កម្ពុជា ប៉ុន្តែក្រុមការងារអភិរក្សសត្វត្មាតមានការព្រួយបារម្ភលើសម្ពាធនៃការបរបាញ់ ការ ដាក់អន្ទាក់និងការបំពុលដែលបន្តកើតឡើង ហើយកត្តានេះនឹងធ្វើឱ្យចំនួនសត្វត្មាតដែលមានវត្តមានៅក្នុងខេត្តរតនគិរីនឹងបន្តធ្លាក់ចុះរហូតដល់អាចគ្មានវត្តមានរបស់ពួកវាផងដែរនៅពេលអនាគត។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានថ្លែងនៅក្នុងយុទ្ធនាការអន្ទាក់សូន្យ ខេត្តរតនគិរីថា អង្គការជីវិតធម្មជាតិបានគាំទ្រដល់ដែនជម្រកសត្វព្រៃលំផាត់ តាំងពីឆ្នាំ២០០៥ ហើយលទ្ធផលនៃការអង្កេតបង្ហាញថា ការបរបាញ់មានការកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងឆ្នាំ២០១៦ សត្វត្មាតយ៉ាងតិច ០៥ក្បាល ត្រូវបានស្លាប់ដោយការបំពុលនៅក្នុងដែនជម្រកសត្វព្រៃនេះ។

លោកស្រី Christel Griffioen នាយកប្រចាំប្រទេសនៃអង្គការ ACCB បានមានប្រសាសន៍នៅក្នុងយុទ្ធនាការអន្ទាក់សូន្យ ខេត្តរតនគិរីថា ជារៀងរាល់ឆ្នាំ នៅថ្ងៃសៅរ៍សប្ដាហ៍ទី១ នៃខែកញ្ញា ពួកយើងនឹងប្រារព្ធទិវាយល់ដឹងអំពីសត្វត្មាតអន្ដរជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វត្មាត។ កម្ពុជាជាជម្រកសត្វត្មាតដែលកំពុងរងគ្រោះជិតផុតពូជចំនួនបីប្រភេទ ហើយចំនួនសត្វត្មាតនៅទូទាំងពិភពលោក រួមទាំងកម្ពុជាផង កំពុងធ្លាក់ចុះយ៉ាងគំហុក។ ការមិនទទួលទានសាច់សត្វ គឺជាវិធីតែមួយជួយការពារសត្វត្មាតកមម្ពុជា៕

រូបភាព៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា
រូបភាព៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង