Yearendyearend1140x150

សម្តេច ហ៊ុន សែន ប្រាប់វៀតណាម ថាទំនាក់ទំនងសេដ្ឋកិច្ច គួរគាំទ្រឱ្យទំនាក់ទំនងនយោបាយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ប្រាប់ទៅភាគីវៀតណាម ថាទំនាក់ទំនងសេដ្ឋកិច្ច គួរគាំទ្រឱ្យទំនាក់ទំនងនយោបាយ ក្នុងន័យនេះ ឈរលើមូលដ្ឋានដែលមានស្រាប់គប្បីណាជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេស បន្តកែប្រែតំបន់អតីតសង្គ្រាម តំបន់ព្រំដែន ឲ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។

ថ្លែងក្នុងកិច្ចពិភាក្សាការងារ សម្ដេច ហ៊ុន សែន ដែលបានអនុញ្ញាត ឱ្យសមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២។ ក្នុងនោះដែរ សម្តេច បានឯកភាពចំពោះការវាយតម្លៃនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្តេចតេជោ បានមានប្រសាសន៍ថា ទំនាក់ទំនងសេដ្ឋកិច្ច គួរគាំទ្រឱ្យទំនាក់ទំនងនយោបាយ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះរដ្ឋាភិបាលវៀតណាម គណបក្សកុម្មុយនីស្តវៀតណាម ទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ឯកឧត្តម ឡេ ហាយជុង បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្ស, ឯកឧត្តមប្រមុខរដ្ឋ, ឯកឧត្តមនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំវៀតណាម ជូនសម្ដេចតេជោ ហើយឯកឧត្តម បានសូមគោរពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលកម្ពុជាទទួលបាននូវការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច-សង្គម ក៏ដូចជាតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។

ឯកឧត្តម ឡេ ហាយជុង ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ហើយក៏បានគោរពជម្រាបជូនសម្ដេចតេជោ ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីលើកស្ទួយទំនាក់ទំនង និងសាមគ្គីភាពរវាងបក្សនិងបក្ស រដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន ធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ទាំងតាមយន្តការទ្វេភាគី និងតាមយន្តការពហុភាគី ក្នុងនោះដែរ ឯកឧត្តម ក៏បានសម្ដែងនូវការគាំទ្រកម្ពុជា ដែលកំពុងតែធ្វើជាប្រធានអាស៊ាន ឲ្យទទួលបានជោគជ័យបន្តទៀត ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឡេ ហាយជុង ក៏បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ហើយបានបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ នឹងបើកកិច្ចប្រជុំដោយផ្ទាល់របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យកន្លងមក ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឡេ ហាយជុង ក៏បានគោរពសំដែងនូវការគាំទ្រនូវសេចក្ដីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញកន្លងមកផងដែរ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ឡេ ហាយជុង ដែលបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្ស ឯកឧត្តមប្រមុខរដ្ឋ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចតេជោ ហើយក៏បានសម្ដែងនូវអំណរគុណផងដែរ ជូនចំពោះការគាំទ្រកម្ពុជា ដែលកំពុងតែធ្វើជាប្រធានអាស៊ាន នឹងសេចក្ដីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញកន្លងមក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង