
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៩ សីហានេះ បានសម្រេចចោទប្រកាន់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ»តាមបណ្តឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។នេះបើតាមដីការបញ្ជូនរឿងទៅជំនុំជម្រះរបស់សាលាដំបូងរាជធានីភ្នំពេញ។
ក្រៅពីចោទប្រកាន់តំណាងអយ្យការ បានបង្គាប់ឱ្យបញ្ជូនជនជាប់ចោទ និង វត្ថុតាងព្រមទាំងបញ្ជីរាយនាមជនដែលទាក់ទិនក្នុងសំណុំរឿងនេះ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំនុំជម្រះតាមច្បាប់។
សូមជម្រាបថា លោក ស៊ុន ឆ័យ រងពាក្យបណ្តឹងចំនួនពីរផ្សេងគ្នា ដោយបណ្តឹងទី១ គឺមកពីគណបក្សប្រជាជនកម្ពុជា និងបណ្តឹងទី២ ធ្វើឡើងពីខាងគ.ជ.ប ក្រោមបទចោទ បរិហាកេរ្តិ៍ជាសាធារណៈតាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានដាក់ពាក្យប្តឹងលោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និង ស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ ក្រោយពីលោក សុន ឆ័យ បានបរិយាយតាមសារព័ត៌មានអនឡាញដោយចោទថា លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានការលួចបន្លំសន្លឹកឆ្នោត។
លោក សុន ឆ័យ បានបដិសេធថា លោកមិនបានបំភ្លៃខុសពីការពិត និង មិនមានបំណងក្នុងការនិយាយបរិហាកេរ្តិ៍ជាសាធារណៈទៅកាន់គ.ជ.ប ឬចំពោះគណបក្សនយោបាយណាមួយនោះទេ។លោកថា រាល់ចម្លើយដែលលោកបានឆ្លើយជាមួយអ្នកកាសែតនាពេលកន្លងមក គឺធ្វើឡើងដោយឥតព្រាងទុក និង ជាការឆ្លើយបែបតស៊ូមតិនៅពេលគជបមិនទាន់ប្រកាសលទ្ធផលផ្លូវការ៕