វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) គ្រោងនឹងបើកជើងហោះហើរអន្តរជាតិដល់ប្រទេសកម្ពុជា និងប្រទេសឡាវឡើងវិញចាប់ពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។
បើតាមស្ថានទូត នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន Vietnam Airlines បានចេញប្រកាសថា អាចនឹងបើកជើងហោះហើរអន្តរជាតិឡើងវិញចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅស្ថានីយ៍មកដល់មួយចំនួននៅកូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងអាស៊ីអាគ្នេយ៍។
រីឯចំពោះជើងហោះហើរពីហាណូយ-វៀនច័ន្ទ (ប្រទេសឡាវ) វៀងច័ន្ទ-ភ្នំពេញ (ប្រទេសកម្ពុជា) និងភ្នំពេញ-ទីក្រុងហូជីមិញ (វៀតណាម) នឹងអាចចាប់ផ្តើមការហោះហើរឡើងវិញចាប់ពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ដែលមានជើងហោះហើរសរុប៧ជើងមួយថ្ងៃ។
តំណាង Vietnam Airlines បានអោយដឹងថា កាលបរិច្ឆេទនេះជាផែនការរបស់ក្រុមហ៊ុនដែលបានបង្កើតឡើងដើម្បីត្រៀមស្រាប់ក្នុងករណីការស្នើសូមបើកជើងហោះហើរអន្តរជាតិឡើងវិញបានអនុម័តតែប៉ុណ្ណោះ “សព្វថ្ងៃ ក្រុមហ៊ុនកំពុងពិភាក្សាលំអិតជាមួយលេខាធិការដ្ឋានអាកាសចរស៊ីវិលវៀតណាម បណ្តាក្រសួងគមនាគមនិងដឹកជញ្ជូន ក្រសួងការបរទេសនិងក្រសួងសុខាភិបាលវៀតណាម ដើម្បីរកវិធានការបើកជើងហោះហើរឡើងវិញអោយសមស្របតាមការដឹកនាំរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម”។
តំណាង Vietnam Airlines បានបន្តទៀតថា ក្រុមហ៊ុននឹងចេញសេចក្តីជូនដំណឹងជាផ្លូវការដល់សាធារណៈក្រោយពេលមានការឯកភាពចុងក្រោយជាមួយនឹងបណ្តាភាគីដែលមានការពាកព័ន្ធ៕