
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ាន បានអះអាងថា ប្រសិនបើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាអនុវត្តការប្រហារជីវិតទៀតនោះ អាស៊ាននឹងបង្ខំចិត្តគិតគូរឡើងវិញអំពីតួនាទីចំពោះការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច របស់អាស៊ាន។ សម្តេចថ្លែងបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ នៅរាជធានីភ្នំពេញ នាថ្ងៃទី០៣សីហានេះ។
សម្ដេច ហ៊ុន សែន លើកឡើងថា អាស៊ានបានចំណាយពេលវេលា និងថាមពលយ៉ាងច្រើន ដោយពុះពារការលំបាក និងជម្នះការរិះគន់យ៉ាងច្រើនដើម្បីជួយប្រទេសនេះ និងប្រជាជនមីយ៉ាន់ម៉ារកដំណោះស្រាយនយោបាយ។ អាស៊ាន នឹងបន្តការងារនេះដោយមិនធ្វើឱ្យប៉ះពាល់ដល់ឯកភាពអាស៊ានតាមរូបភាពណាមួយឡើយ។
សម្តេច ហ៊ុន សែន នៅចំពោះមុខប្រមុខការទូតអាស៊ាន បានលើកឡើងថា ដ្បិតការអនុវត្តកុងសង់ស៊ីស៥ចំណុច មិនជឿនលឿនតាមការចង់បាន ការខិតខំកន្លងមកមានការវិវឌ្ឍខ្លះលើបញ្ហាមនុស្សធម៌។
សម្តេច បានថ្លែងយ៉ាងដូច្នេះថា «ប៉ុន្តែសភាពការណ៍ពេលនេះ ប្រែប្រួលខ្លាំង ដែលអាចនិយាយបានថាកាន់តែអាក្រក់ជាងមុនមានការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចទៅទៀត ក្រោយពីការអនុវត្តទោសប្រហារជីវិតលើសកម្មជនប្រឆាំង៤នាក់។»
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «ក្នុងករណីមានអ្នកទោសដទៃទៀតដែលនឹងត្រូវកាត់ទោសប្រហារជីវិត យើងត្រូវបង្ខំចិត្តគិតគូរឡើងវិញពីតួនាទីរបស់យើងចំពោះការព្រមព្រៀងឯកច្ឆន្ឆ៥ចំណុច។»
សម្ដេច បានបន្ថែមថា កម្ពុជា ក៏ដូចជារដ្ឋសមាជិកអាស៊ានទាំងអស់ខកចិត្ត និងរន្ធត់យ៉ាងក្រៃលែងចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំងទាំងនេះ បើទោះបីជាថ្នាក់ដឹកនាំកម្ពុជា និងថ្នាក់ដឹកនាំដទៃទៀត បានអំពាវនាវឲ្យមានការពិចារណាឡើងវិញអំពីការកាត់ទោសប្រហាជីវិតនេះ៕