
ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន(SOM)បានចាប់ផ្តើមជជែកគ្នាទៅតាមរបៀបវារៈដែលបានគ្រោងទុក ដើម្បីពិនិត្យលើឯកសារពាក់ព័ន្ធនានា មុនដាក់ចូលក្នុងកិច្ចពិភាក្សារបស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ នៅថ្ងៃទី៣ ខែសីហាខាងមុខនេះ។
សមាជិកប្រទេសអាស៊ាន ដែលចូលរួមកិច្ចប្រជុំនៅរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែសីហានេះ មានមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាធ្វើជាប្រធានដឹកនាំ។ ចំណែកបណ្តាសមាជិកមានប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ប្រទេសថៃ ប៊្រុយណេ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។
លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រធានដឹកនាំនៃកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន(SOM) បានលើកទឹកចិត្តឱ្យប្រទេសជាសមាជិកចូលរួមលើកឡើងនូវបញ្ហាប្រឈមនានាក្នុងតំបន់ សំដៅរួមគ្នាពិភាក្សាលើបញ្ហាសន្តិសុខ សន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់ និងពិភពលោក។
កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន គឺជាការរួមគ្នាពិភាក្សាលើរបៀបវារៈ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន។ សម្រាប់ក្នុងប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានរបៀបវារៈដូចជា៖ ការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ទំនាក់ទំនងការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងតំបន់ វិបត្តិផ្ទៃក្នុងនៅមីយ៉ាន់ម៉ា ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងបញ្ហាអន្តរជាតិ ជាដើម។
កិច្ចប្រជុំនេះ ក៏នឹងមានការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់សមាជិកអាស៊ាន ក្នុងការកសាងអាស៊ានដែលមានសាមគ្គីភាព ឯកភាព ស្ថិរភាព រឹងមាំ ដើម្បីសម្រេចរាល់គោលដៅរបស់អាស៊ាន។
សូមបញ្ជាក់ថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២២។
រដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់ការបរទេសនៃប្រទេសចំនួន៣៨ ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំទាំងនេះ។ ប្រទេសទាំងនោះមានសមាជិកអាស៊ានទាំង១០ប្រទេស និងបណ្តាប្រទេសដូចជា៖ អូស្ត្រាលី ប៉ាគីស្ថាន សហភាពអារ៉ាប់អីមីរ៉េត ម៉ារ៉ុក ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ(កូរ៉េខាងជើង) សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស ឥណ្ឌ សហព័ន្ធរុស្ស៊ី ជាដើម៕
