
ភ្នំពេញ៖ ប្រធាន និងអនុប្រធាន និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៩រូប នៃគណបក្សខ្មែរស្រឡាញ់ជាតិ បានប្រកាសរំលាយគណបក្សរបស់ខ្លួន ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២នេះតទៅ។ការប្រកាសនេះ ដោយពន្យល់ថា ដោយសារមើលឃើញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាត្រឹមត្រូវ។
លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានថ្លែងថា មូលហេតុ នៃការរំលាយគណបក្សខ្មែរស្រលាញ់ជាតិ គឺដោយសារតែមើលឃើញការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេច ហ៊ុន សែន ដែលធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍ និងអនាគតរុងរឿង ជាពិសេសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២កន្លងទៅនេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ ផលប្រយោជន៍របស់ជាតិជាធំ។
បើតាមមេដឹកនាំរូបនេះ ពន្យល់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរផលប្រយោជន៍របស់ជាតិជាធំ។ ដូច្នេះពុំមានហេតុផល ណាមួយដែលលោក និង ក្រុមការងារ នៅបន្តប្រឆាំងនឹងការដឹកនាំរបស់គណបក្សប្រជាជនតទៅទៀតទេ។
មិនត្រឹមតែប្រកាសរំលាយខ្លួននោះទេ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៩រូប នៃគណបក្សខ្មែរស្រឡាញ់ជាតិ ថែមទាំងបានអំពាវនាវឲ្យសមាជិកគណៈកម្មាធិការនាយក និងសមាជិករបស់គណបក្សខ្មែរស្រលាញ់ជាតិ នាំគ្នាចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នា។
គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ បានយល់ព្រមឱ្យអតីតថ្នាក់ដឹកនាំមួយចំនួនរបស់ អតីតគណបក្សសង្រ្គោះជាតិ ដែលទទួលបាននីតិសម្បទាធ្វើនយោបាយ បង្កើតគណបក្ស «ខ្មែរស្រឡាញ់ជាតិ» ។អ្នកដឹកនាំបង្កើតដំបូងមានលោក ជីវ កត្តា, លោក ស៊ឹម សុវណ្ណនី, លោក កង គឹមហាក់ និង លោក ខឺយ ស៊ីនឿន៕