ព្រះសីហនុ៖ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាក់ថា «យើងគ្មានទ្រព្យសម្បតិ្តដូចប្រទេសអ្នកមានដទៃទេ តែយើងមានទឹកចិត្តជួយស្រោចស្រង់អ្នកដំណើរជាប់នៅលើនាវា Westerndam។ ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្រ្តីយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលដែលសម្ដេចអញ្ចើញទៅស្វាគមន៍ដោយផ្ទាល់ចំពោះភ្ញៀវទេសចរណ៍ប្រមាណ ២២០០រយនាក់ ដែលឋិតនៅក្នុងនាវា Westerndam ក្នុងខេត្តព្រះសីហនុ។
សម្ដេច ថ្លែងយ៉ាងដូច្នេះថា៖ «ទីនេះយើងមិនមានទ្រព្យសម្បតិ្តដូចប្រទេសអ្នកមានទេ ប៉ុន្តែយើងមានទឹកចិត្តដើម្បីជួយស្រោចស្រង់ដល់អ្នកដែលរស់នៅជាប់លើនាវានេះ បើសិនជាយើងឋិតនៅលើនាវានេះដូចអ្នកដទៃ តើយើងមានអារម្មណ៍ក្ដុកក្ដួលយ៉ាងណា នៅពេលដែលទៅដល់កន្លែងមួយគេ ទៅដល់កន្លែងមួយគេបដិសេធ នេះជារឿងអកុសល ខ្ញុំគិតថាឥរិយាបទបែបនេះមិនត្រូវបានស្វាគមន៍ទេ»។
ជាមួយគ្នានោះ សម្ដេចបានថ្លែងបញ្ជាក់ថា ពេលនេះមិនមែនជាពេលភ័យខ្លាច មិនមែនជាពេលរើសអើងគ្នានោះទេ តែជាពេលយើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបាននឹងកំពុងយាយីប្រទេសជាច្រើនរួចមកហើយ ឥរិយាបថដែលកម្ពុជាកំពុងធ្វើនេះ គឺបានបង្ហាញពីទឹកចិត្តសប្បុរសធម៌ដើម្បីចូលរួមក្នុងការដោះស្រាយបញ្ហានានាជាមួយពិភពលោក។
សម្ដេចបន្តថា៖ «ប្រសិនបើខ្ញុំកើតជំងឺនេះ ដោយសារតែមកទទួលប្រជាពលរដ្ឋនៃបណ្ដាប្រទេសជាង៤១សញ្ជាតិនៅទីនេះ បែជាគ្រោះថ្នាក់ដល់រូបខ្ញុំ វាក៏សាកសមនឹងពលីកម្មដែលខ្ញុំធ្វើដើម្បីមនុស្សជាតិផងដែរ តើឱ្យយើងនិយាយពីការគោរពសិទ្ធមនុស្សអ្វីទៅប្រសិនបើសិទ្ធរស់រាន់មានជីវីតមិនត្រូវបានគោរពផងនោះ »។
ក្រៅពីការថ្លែងស្វាគមន៍ភ្ញៀវទេចរណ៍ទាំងអស់ សម្ដេចក៏បានជូនផ្កាកុលាបទៅកាន់អ្នកទាំងនោះ ព្រមទាំងបានអនុញ្ញាតឱ្យដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាផងដែរ ក្នុងនោះដែរ សម្ដេចអំពាវនាវកុំឱ្យមានការរើសអើង និងភ័យខ្លាចអំពីជំងឺនេះ៕