
ភ្នំពេញ៖ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅថ្ងៃទី ១៩ កក្កដានេះ បានចេញមុខបញ្ជាក់ជាសាធារណៈថា គណបក្សភ្លើងទៀនគ្មានបំណងច្របាច់បញ្ជូនគ្នាជាមួយគ្នានយោបាយណាមួយនោះទេ។ការអះអាងនេះ ធ្វើឡើងក្រោយពីគេពិនិត្យឃើញថា គណបក្សភ្លើងទៀនបូករួមជាមួយគណបក្សនយោបាយចំនួន៣ទៀត បានប្រកាសពីការចងសម្ព័ន្ធភាពនយោបាយមុនការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣។
“មកដល់ថ្ងៃនេះ យើងមិនទាន់និយាយគ្នារឿងច្របាច់បញ្ជូនគ្នាជាគណបក្សនយោបាយតែមួយនោះទេ”។នេះជាការលើកឡើងរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍។សម្រាប់លោក សុន ឆ័យ ការជួបជុំគ្នារបស់គណបក្សនយោបាយក្រៅរដ្ឋាភិបាលកន្លងមកនេះ គឺគ្រាន់តែបង្ហាញពីការទាមទាររួមគ្នាឱ្យក្រសួងពាក់ព័ន្ធកែលម្អនៃការបោះឆ្នោតតែប៉ុណ្ណោះ មិនបានជជែកគ្នាពីគម្រោងចងសម្ព័ន្ធមេត្រីភាពគ្នានោះទេ។
បើតាមលោក សុន ឆ័យ គណបក្សភ្លើងទៀន និង គណបក្សនយោបាយផ្សេងទៀតមានការប្តេជ្ញាចិត្តរួមគ្នា ស្នើសុំទៅកាន់ក្រសួងពាក់ព័ន្ធកែលម្អប្រព័ន្ធបោះឆ្នោត និង សេរីភាពនយោបាយកម្ពុជាដែលគណបក្សគិតថា មានភាពអាក្រក់មិនអាចទទួលយកបាន។ប៉ុន្តែចំពោះការសម្រេចចិត្តមិនចូលរួមបោះឆ្នោតថ្នាក់ជាតិមិនទាន់សម្រេចផ្លូវការទេ។
គួរបញ្ជាក់ថា គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី១១ ខែកក្កដា បានសន្និសីទសារព័ត៌មានរួមគ្នាមួយ ដើម្បីបង្ហាញពី«ផែនការតស៊ូមតិ លើសំណើកែលម្អប្រព័ន្ធបោះឆ្នោត និង សេរីភាពនយោបាយកម្ពុជា»។ក្រោយមកថ្នាក់ដឹកនាំនៃគណបក្សនេះបានបង្ហាញពីសាមគ្គីភាពគ្នាក្នុងការតស៊ូមតិរួមគ្នាដែលជាសញ្ញាសង្ស័យថា អាចជាផែនការចងសម្ព័ន្ធមេត្រីភាពគ្នាមុនការបោះឆ្នោត។

លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហោះលើបណ្តាញសង្គមរបស់លោកអមជាមួយរូបភាពរួមគ្នាថា សម្រាប់ការចងសម្ព័ន្ធភាពនយោបាយ បន្ទាប់ពីផ្តួចផ្តើមគំនិតការសហការគ្នាលើប្រធានបទការកែលម្អការបោះឆ្នោត និងសេរីភាពនយោបាយ យើងឈានចូលដល់ការផ្តួចផ្តើមគំនិតពិភាក្សាគ្នាលើសម្ព័ន្ធភាពនយោបាយចូលរួមបោះឆ្នោតសភាជាតិ២០២៣។
បើតាមលោកបណ្ឌិត យ៉ង សាំងកុមារ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សង្ឃឹមថានឹងបានលទ្ធផលវិជ្ជមានក្នុងការផ្តួចផ្តើមគំនិតនេះ ហើយមានផែនការកិច្ចការនេះឲ្យចប់មុនខែតុលា ២០២២ ខាងមុខនេះ៕