681 ezgif.com resize
Swift cc time

មន្ត្រីការទូតបរទេសអាម៉េរិក នឹងធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក
(រូបភាព៖ VnExpress International)

ភ្នំពេញ៖ ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink នឹងធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា រយៈពេល២ថ្ងៃ។ លោក Kritenbrink ត្រូវមកដល់កម្ពុជា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ហើយលោក នឹងត្រូវបន្តបំពេញទស្សនកិច្ចនៅកម្ពុជា ដល់ថ្ងៃ១៣កក្កដា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាម៉េរិក។

នៅទីក្រុងភ្នំពេញ លោក Kritenbrink នឹងជួបជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ការគាំទ្ររបស់សហរដ្ឋអាម៉េរិក សម្រាប់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន និងបញ្ហាតំបន់ និងពិភពលោក។ ឧបការីរដ្ឋមន្ត្រីការបរទេសរូបនេះ ក៏នឹងចូលរួមជាមួយយុវជន និងមេដឹកនាំសង្គមស៊ីវិលផងដែរ។

នៅទីក្រុងតូក្យូ លោក Kritenbrink នឹងចូលរួមរំលែកទុក្ខដល់ប្រជាជនជប៉ុន ទាក់ទងនឹងការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ។ លោកនឹងជួបប្រជុំជាមួយសមភាគីជប៉ុនជាន់ខ្ពស់ ដើម្បីពិភាក្សា និងជំរុញភាពជាដៃគូដ៏រឹងមាំរវាង អាម៉េរិក និងជប៉ុនលើបញ្ហាជាច្រើនក្នុងតំបន់ និងពិភពលោក។

សេចក្តីប្រកាសព័តមានដដែលបានបញ្ជាក់ថា សម្ព័ន្ធភាពអាម៉េរិក-ជប៉ុន គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាពនៅឥណ្ឌូប៉ាស៊ីហ្វិក ហើយកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរបស់អាម៉េរិក-ជប៉ុន គឺមិនអាចខ្វះបានក្នុងការប្រឈមមុខនឹងបញ្ហាសកល រួមទាំងសង្រ្គាមដ៏ឃោរឃៅ និងភាពខុសច្បាប់របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន៕

Khcct banner

អត្ថបទទាក់ទង