
ភ្នំពេញ៖ កម្ពុជា-ចិន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងចំណងមិត្តភាពយូរអង្វែង និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្របពេលជាមួយនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ នាពេលថ្មីៗនេះ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយ ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលមានផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។
នៅក្នុងឱកាសនេះ រដ្ឋមន្ត្រីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងចំណងមិត្តភាពយូរអង្វែង និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
ក្នុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឯកឧត្តម ប្រាក់ សុខុន បានប្រកាសស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល ដែលត្រូវបានស្នើឡើង ដោយប្រធានរដ្ឋចិន Xi Jinping សម្រាប់ទិសដៅអនាគតរបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងផងដែរ៕