
ភ្នំពេញ៖ ប៉ាគីស្ថាន នឹងបន្ដធ្វើការជាមួយភាគីកម្ពុជា ក្នុងនោះ ក៏ខិតខំពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌនៃការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃជាមួយភាគីប៉ាគីស្ថានផងដែរ។ នេះជាការលើកឡើងរបស់ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥស្លាមប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលជួបសម្ដែងការគួរសមចំពោះសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២នេះ។
នៅឱកាសនេះ ឯកឧត្តមអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធិភាព។ ឯកឧត្តម បានជម្រាបជូនទៀតថា ក្នុងអាណត្តិបេសកម្មការទូតរបស់ឯកឧត្តម នឹងបន្ដធ្វើការជាមួយភាគីកម្ពុជា ក្នុងនោះ ក៏ខិតខំពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌនៃការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃជាមួយភាគីប៉ាគីស្ថាន ផងដែរ។
ឯកឧត្តម ក៏បានបង្ហាញនូវគំនិតផ្ដួចផ្ដើម ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា ជាមួយក្រសួងពាក់ព័ន្ធរបស់ភាគីប៉ាគីស្ថាន ក្នុងនោះ ភាគីទាំងពីរអាចពិនិត្យលទ្ធភាព ក្នុងការបង្កើតឱ្យមានអនុស្សារណៈនៃការយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ មួយកម្រិតបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេច ស ខេង ក៏បានថ្លែងអំណរគុណចំពោះ គំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់របស់ ឯកឧត្តមអគ្គរដ្ឋទូត ក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនង នៅក្នុងក្របខណ្ឌការងារនៃការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃកម្ពុជា ជាមួយនឹងសមាសភាគីប៉ាគីស្ថាន។ សម្ដេច បានស្វាគមន៍នូវគំនិតផ្ដួចផ្ដើមនេះ និងស្នើដល់មន្ត្រី អង្គភាពជំនាញនៃភាគីទាំងពីរបន្តពិនិត្យពិភាក្សាបន្ថែមទៅលើការងារនេះ៕