Yearendyearend1140x150

កម្មវិធីVCISផ្តល់ថវិកាវិនិយោគ១លានដុល្លារកន្លះ ជំរុញការអភិវឌ្ឍអាជីវកម្មសហគ្រាសជលផល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ 

ភ្នំពេញ៖ កម្មវិធីVCIS ( Value Chain Investment Support) ផ្តល់ថវិកាវិនិយោគ១លានដុល្លារកន្លះ ជំរុញការអភិវឌ្ឍអាជីវកម្មសហគ្រាសជលផល កិច្ចឧបត្ថម្ភគាំទ្រជាសម្ភារៈ បរិក្ខារកែច្នៃផលនិងផលិតផលជលដែលមានតម្លៃ ៥៥ម៉ឺនដុល្លារអាមេរិក បន្ថែមលើជំនួយបច្ចេកទេសដែលមានតម្លៃ១៥ម៉ឺនដុល្លារអាមេរិក ត្រូវបានផ្តល់ជូនសហគ្រាសជលផលក្រោយប្រមូលផលចំនួន១៧ ដែលបំពេញបានតាមតម្រូវការរបស់កម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម (VCIS) ដើម្បីផ្សារភ្ជាប់ទីផ្សារ អភិវឌ្ឍន៍អាជីវកម្មនិងអនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ។

ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង របស់អាជីវកម្មខ្លួន សហគ្រាសទាំងនេះបានចូលរួមសហវិនិយោគដោយផ្ទាល់ជាសាច់ប្រាក់និងមិនមែនជាសាច់បា្រក់ដែលមានតម្លៃជាទឹកប្រាក់ចំនួន ៨០ម៉ឺនដុល្លារអាមេរិកជាមួយកម្មវិធីនេះផងដែរ។

កម្មវិធី VCIS ផ្តោតការវិនិយោគលើខ្សែច្រវាក់តម្លៃជលផលក្រោយប្រមូលផល តាមរយៈការធ្វើទំនើបកម្មប្រតិបត្តិការកែច្នៃផលនិងផលិតផលជលផលឱ្យអាចឆ្លើយតបទៅនឹងតម្រូវការនិមិត្តសញ្ញាគុណភាពកម្ពុជា (CQS) ភាពប្រកួតប្រជែងនិងតម្រូវការរបស់ទីផ្សារអន្តរជាតិផ្នែកសុវត្ថិភាពម្ហូបអាហារ។ កម្មវិធីបានរួមចំណែកបង្កើតការងារ និងប្រាក់ចំណូលបន្ថែមដល់តួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃនិងពលរដ្ឋនៅសហគមន៍មូលដ្ឋាន។

បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងថា“យើងចាំបាច់ត្រូវប្រឹងប្រែងរួមគ្នាទាំងភាគីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយដើម្បីជួយគាំទ្រពួកគេ។ ឯកឧត្តមរដ្ឋមន្រ្តី ជឿជាក់ថាសហគ្រាសខ្លះពិតជាអាចធ្វើទំនើបកម្មប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ និងបោះជំហានចូលទីផ្សារក្រៅស្រុក រួមទាំងទីផ្សារអឺរ៉ុបផងដែរ”។

លោក បន្ថែមថា “អន្តរាគមន៍របស់គម្រោង CAPFIsh ធ្វើឡើងចំពេលវេលាតែម្តង តាមរយៈការបង្កើតនិមិត្តសញ្ញាគុណភាពកម្ពុជា (CQS) និងការគាំទ្រវិស័យឯកជនធ្វើទំនើបកម្មសហគ្រាស និងកិច្ចប្រតិបត្តិការអាជីវកម្មឱ្យឆ្លើយតបទៅនឹងតម្រូវការសុវត្ថិភាពម្ហូបអាហារ។ រដ្ឋបាលជលផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានជំហររឹងម៉ាំនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងសមត្ថភាពអាជ្ញាធរមានសមត្ថកិច្ចរបស់ខ្លួន ឱ្យអាចឆ្លើយតបទៅនឹងតម្រូវការសុវត្ថិភាពម្ហូបអាហារសម្រាប់ទាំងទីផ្សារអឺរ៉ុបនិងអន្តរជាតិ។

ចំណែកលោក លោក ដេជេណេ តេហ្សេរ៉ា ប្រធានអង្គភាពធុរកិច្ចកសិកម្ម របស់អង្គការ UNIDO ប្រចាំនៅស្នាក់ការកណ្តាលទីក្រុងវីយ៉ែន បានលើកឡើងថា “កិច្ចអន្តរាគមន៍នាពេលនេះគឺចាំបាច់បំផុត ពិសេសនៅពេលយើងបាននិងកំពុងឆ្លងកាត់ជំងឺរាតត្បាតកូវីដ ១៩ ទាំងអស់គ្នា។ ក្នុងការអនុវត្តអន្តរាគមន៍របស់ខ្លួន អង្គការ UNIDO តែងរៀបចំនិងបង្កើតនូវកញ្ចប់សេវាជាក់លាក់ សមស្របនឹងតម្រូវការរបស់សហគ្រាសឯកជនក្នុងការងើបឡើងវិញ និងបោះជំហានទៅរកការអភិវឌ្ឍដ៏រឹងម៉ាំ ប្រកបដោយចីរភាពនិងបរិយាប័ន្ន”។

លោក ដេជេណេ តេហ្សេរ៉ា បានសង្កត់ធ្ងន់ថា អន្តរាគមន៍នាពេលនេះផ្តល់ឱកាសឱ្យកម្ពុជាពង្រឹងខ្សែច្រវាក់តម្លៃកសិធុរកិច្ចរបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មខ្សែសង្វាក់ផលិតកម្ម និងលើកកម្ពស់ភាពប្រកួត ប្រជែង ធានាបានតម្លៃបន្ថែមនិងចូលទៅកាន់ទីផ្សារបានកាន់តែប្រសើរ”។

សូមជម្រាបជូនថា កម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម (VCIS) របស់គម្រោង CAPFish ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីអំឡុងខែមិថុនា ឆ្នាំ២០២១។ កម្មវិធីនេះផ្តល់ការគាំទ្រជាពិសេសដល់សហគ្រាសជលផលខ្នាតមីក្រូ តូចនិងមធ្យម (MSMEs) លើការអភិវឌ្ឍធុរកិច្ច ផ្តល់ជាសម្ភារៈបរិក្ខារនិងជំនួយបច្ចេកទេស។

ក្រោយការពិនិត្យយ៉ាងយកចិត្តុកដាក់ សហគ្រាសនាំមុខចំនួន៣៩ ដែលមានដៃគូអាជីវកម្មនៅក្នុងខ្សែច្រវាក់តម្លៃប្រមាណ៤០០ ត្រូវបានជ្រើសសម្រាំង។ សហគ្រាសទាំងនេះត្រូវបានបែងចែកជា២ក្រុមផ្សេងគ្នា។ អ្នកផ្តល់សេវា អភិវឌ្ឍន៍ធុរកិច្ច (BDS) បានផ្តល់សេវាគាំទ្រដល់សហគ្រាសទាំងនេះលើការរៀបចំបង្កើតនិងសរសេរសំណើ គម្រោងអាជីវកម្មស្របទៅតាមតម្រូវការជាក់ស្តែងរបស់សហគ្រាសខ្លួន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង