
ភ្នំពេញ៖ នៅក្រោមផ្នែកមួយនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទរបស់អាស៊ាន ដែលបានអនុម័តក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ អាស៊ានបានប្រគល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិនជូនដល់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ជូនដល់ភាគីមីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាស៊ាន ដែលក្រសួងការបរទេសកម្ពុជាបានផ្សាយ។
សេចក្តីប្រកាសព័ត៌មានរបស់អាស៊ាន បានបញ្ជាក់ថា ពិធីប្រគល់ជំនួយជាវ៉ាក់សាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមរបស់អាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដោយមានការគាំទ្រពីដៃគូសន្ទនា ដូចជាប្រទេសចិន និងដៃគូខាងក្រៅដទៃទៀត ដើម្បីលើកកម្ពស់មជ្ឈភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាដែលជាកង្វល់រួមនៅក្នុងតំបន់។
ពិធីប្រគល់វ៉ាក់សាំងនេះ មានការចូលរួមដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាប្រេសិតពិសេសនៃប្រធានអាស៊ាន និង លោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ក្នុងនាមជាតំណាងរបស់ លោក ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន (SG-AHAC) ព្រមទាំង លោក ឆិន ហៃ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំមីយ៉ាន់ម៉ា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អាស៊ាន បានឱ្យដឹងថា វ៉ាក់សាំងចំនួន២លានដូស នឹងត្រូវចាក់ជូនប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅតំបន់ដែលពិបាកទៅដល់ ក្រោមយន្តការ ៥០:៥០ នៃក្របខ័ណ្ឌចាក់វ៉ាក់សាំងរួមគ្នារបស់ក្រសួងសុខាភិបាល និងដៃគូ ដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា ព្រមទាំងត្រូវបានអនុម័តនៅក្នុងកិច្ចពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានដល់មីយ៉ាន់ម៉ា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ។

