ភ្នំពេញ៖ ការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណានៅតែបន្តកើតឡើងគួរឱ្យកត់សម្គាល់ និងគួរឱ្យព្រួយបារម្ភ។ អ្នកវិភាគសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងថា បញ្ហាមេរោគកូរ៉ូណានេះ គឺបានបង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចទាំងថ្នាក់តំបន់ និង ពិភពលោក ក្នុងនោះក៏រួមទាំងកម្ពុជាផងដែរ។ ប៉ុន្តែពួកគេថា សម្រាប់កម្ពុជា គឺមិនប៉ះពាល់ខ្លាំងដូចប្រទេសដទៃឡើយ។
លោកបណ្ឌិតគី សេរីវឌ្ឍ អ្នកជំនាញផ្នែសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា មេរោគឆ្លងកូរ៉ូណាថ្មីបានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជានៅក្នុងផ្នែកផលិតកម្មសម្លៀកបំពាក់ និងវិស័យទេសចរណ៍។ សម្រាប់ផ្នែកផលិតកម្មសម្លៀកបំពាក់ លោកបណ្ឌិតគី សេរីវឌ្ឍ បញ្ជាក់ថា រោងចក្រកាត់ដេរនៅកម្ពុជាមួយចំនួនកំពុងប្រឈមនឹងការកាត់បន្ថយសង្វាក់ផលិតកម្មរបស់ខ្លួន ដោយសារតែខ្វះវត្ថុធាតុដើម ដើម្បីផលិត។ កង្វះខាតនេះ ដោយសារតែរោងចក្រវត្ថុធាតុដើមធំៗនៅក្នុងប្រទេសចិនត្រូវបិទទ្វារបណ្តោះអាសន្នក្រោយការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណាថ្មី។
រីឯ វិស័យទេសចរណ៍វិញ លោកបណ្ឌិតគី សេរីវឌ្ឍ បានលើកឡើងថា វាធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិជាពិសេស ភ្ញៀវទេសចរជាជនជាតិចិនមានការថយចុះមកលេងនៅប្រទេសកម្ពុជា។ បើតាមលោកគី សេរីវឌ្ឍ ការថយចុះនេះ ក៏គួបផ្សំនឹងរដូវនេះជារដូវមិនសូវមានភ្ញៀវទេសចរមកលេងកម្សន្តផងដែរ ដោយសារតែកាលពីចូលឆ្នាំចិនកន្លងទៅ ភ្ញៀវទេសចរជាជនជាតិចិនបានសម្រុកទៅស្រុកកំណើតវិញ។
ចំណែក លោកចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយវិញ ក៏ឃើញដូចលោកបណ្ឌិតគី សេរីវឌ្ឍដែរ។ ប៉ុន្តែ លោកបានបន្ថែមថា បញ្ហាមេរោគឆ្លងកូរ៉ូណាថ្មីនេះ ក៏បានប៉ះពាល់ដែរដល់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោកចាន់ សុផល ពន្យល់ថា អ្នកវិយោគទុនដែលគ្រោងមកវិនិយោគនៅកម្ពុជាបានផ្អាកការធ្វើដំណើររបស់ខ្លូនសិន ព្រោះបញ្ហាមេរោគឆ្លងកូរ៉ូណានេះ។ ដូច្នេះហើយ វាធ្វើឱ្យដំណើរការវិនិយោគបន្ថែមមានការយឺតយ៉ាវនៅក្នុងប្រទេសកម្ពុជា។
បើទោះបីកម្ពុជារងនូវការប៉ះពាល់ដោយសារតែមេរោគឆ្លងកូរ៉ូណាយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកវិភាគសេដ្ឋកិច្ចកម្ពុជាអះអាងថា មិនខ្លាំងដូចប្រទេសដៃឡើយ។ លោកបណ្ឌិតគី សេរីវឌ្ឍ បានបកស្រាយថា នេះ គឺដោយសារតែកម្ពុជាមិនមានទំនាក់ទំនងខ្លាំងក្នុងវិស័យផលិតកម្មដូចប្រទេសគេផ្សេង ជាហេតុធ្វើកម្ពុជារងការប៉ះពាល់តិចជាងគេ។
ដោយឡែក លោកសៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាវិញ ក៏បានអះអាងថា បញ្ហាកូរ៉ូណានេះមិនផ្តល់ផលប៉ះពាល់ខ្លាំងដល់វិស័យពាណិជ្ជកម្មរបស់កម្ពុជាដែរ។ ទោះមិនខ្លាំង តែលោកថា កម្ពុជាក៏ជៀសមិនរួចដែរក្នុងការប៉ះពាល់លើវិស័យផលិកម្មក្នុងស្រុក និងការនាំចេញ ដោយសារតែខ្វះខាតវត្ថុធាតុដើមពីប្រទេសចិន ដើម្បីផលិត។ បើតាមលោកសៀង ថៃ បញ្ហាទាំងនេះនឹងរលុបបាត់ទៅវិញនៅពេលណាដែលមេរោគកូរ៉ូណាត្រូវទប់ស្កាត់បាននៅក្នុងប្រទេសចិន។
គួរបញ្ជាក់ឱ្យដឹងថា ចំពោះមុខនៃការវាយប្រហារដោយមេរោគកូរ៉ូណានេះ រដ្ឋាភិបាលកម្ពុជាបានប្រកាន់គោលជំហរខុសពីរដ្ឋាភិបាលប្រទេសដទៃ។ កម្ពុជា បានបដិសេធមិនព្រមបិទជើងហើរហោះជាមួយចិន ព្រោះតែមេរោគកូរ៉ូណានេះទេ។ នេះ គឺដោយសារតែកម្ពុជាយល់ឃើញថា ការធ្វើបែបនេះនឹងនាំឱ្យសេដ្ឋកិច្ចកម្ពុជាស្លាប់មិនខាន។ មិនតែប៉ុណ្ណោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថែមទាំងអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់កុំមានការភ័យខ្លាចពេក និងកុំឱ្យរើសអើងចំពោះភ្ញៀវទេសចរជាជនជាតិចិនដែលមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា៕