ព្រះសីហនុ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានស្នើឱ្យលោក ប្រែត អាដាម ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និយាយរឿងសិទ្ធិមនុស្សអាមេរិក ខណៈដែលអាមេរិកកំពុងតែប្រឈមនឹងបាតុកម្មទាក់ទងនឹងការរើសអើមពូជសាសន៍ដែលអាជ្ញាធរអាមេរិកធ្វើការបង្ក្រាបបាតុកម្មយ៉ាងសាហាវ នាពេលនេះដែលខុសពីពេលបាតុកម្មនៅកម្ពុជា កាលពីឆ្នាំ២០១៣។
សម្តេចបានគូសបញ្ជាក់ថា ប្រសិនបើលោក ប្រែត អាដាម ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch មិននិយាយរឿងសិទ្ធិមនុស្សពេលនេះទេ សូមកុំនិយាយអំពីសិទ្ធិមនុស្សនៅកម្ពុជាតទៅទៀត។
ប្រសាសន៍របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី និង ក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។