Cctime 6monthsfree desktop
Cc times  web banner kh (2)

ទូតអាម៉េរិកប្រចាំកម្ពុជានៅតែបន្តបង្ហាញពីកង្វល់លើបញ្ហាកំពង់ផែរាម

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានសម្តែងនូវក្តីកង្វល់លើបញ្ហាកំពង់ផែរាម ដោយបានបញ្ជាក់ពីគោលជំហរព្រួយបារម្ភ ចំពោះវត្តមានរបស់កងទ័ពចិននៅមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា។ ការបារម្ភនេះធ្វើឡើង បន្ទាប់ពីកម្ពុជា-ចិន បានបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និង ស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម កាលពីថ្ងៃ ៨មិថុនា ម្សិលមិញនេះ។

អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា លោកស្រី Stephanie Arzate បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ តាមរយៈ Email ថា អាម៉េរិកមានក្តីបារម្ភចំពោះ វត្តមានរបស់កងទ័ពចិនផ្តាច់មុខនៅកំពង់ផែរាម ព្រោះវាអាចគំរាមកំហែងស្វ័យភាពរបស់កម្ពុជា និង បំផ្លាញសន្តិសុខក្នុងតំបន់។

បើតាមលោកស្រី Stephanie Arzate សហរដ្ឋអាម៉េរិក និង បណ្តាប្រទេសក្នុងតំបន់ បានសម្តែងការព្រួយបារម្ភពីកង្វះនូវតម្លាភាពលើចេតនា ធម្មជាតិ និង វិសាលភាពនៃគម្រោងនេះ ក៏ដូចជាតួនាទីដែលកងទ័ពចិន កំពុងដើរតួក្នុងការសាងសង់នៅតំបន់មូលដ្ឋានសមុទ្ររាម និង ក្នុងការប្រើប្រាស់អគារក្រោយការសាងសង់នេះ។

គួរបញ្ជាក់ថា ការបារម្ភនេះធ្វើឡើង បន្ទាប់ពីកម្ពុជា-ចិន បានបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និង ស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម កាលពីថ្ងៃ ៨មិថុនា ម្សិលមិញនេះ។ប៉ុន្តែក្នុងពិធីបើការដ្ឋានប្រមុខការពារជាតិកម្ពុជា សម្ដេច ទៀ បាញ់ បានថ្លែងថា កម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំងប្រទេសណាមួយឡើយ។ដើម្បីអភិវឌ្ឍន៍សមត្ថភាពទ័ព កម្ពុជានៅតែទទួលការជួយឧបត្ថម្ភពីបណ្ដាប្រទេសជាមិត្ត ដោយមិនប្រកាន់និន្នាការនៃការរើសអើង និងប្រកាន់ខ្ជាន់នូវនយោបាយអព្យាក្រឹត្រអចិន្ត្រៃយ៍មិនចូលបក្សសម្ព័ន្ធ។

បន្ថែមលើពីនេះ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានថ្លែងច្រានចោលចំពោះការចោទនេះផងដែរ ហើយព្រមទាំងបោះសម្តីធ្ងន់ថា “ ចិនបានយកគម្រោងជំនួយធ្វើឲ្យប្រសើរឡើងនៅមូលដ្ឋានសមុទ្ររាម ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននោះ គឺច្បាស់ណាស់ថា ពួកគេបានយកគំនិតដ៏សែនថោកទាបទៅប៉ានស្មានរឺលាបពណ៍លើគំនិតរបស់អ្នកដែលមានបំណងល្អ”។

បើតាមលោក វ៉ាង វិនធាន កិច្ចសហប្រតិបត្តិការយោធាចិន និង កម្ពុជា ជាសរសទ្រូងដ៏រឹងមាំនៃចំណងមិត្តភាពដែកថែបរបស់ប្រទេសទាំងពីរ សមស្របទៅនឹងផលប្រយោជន៍មូលដ្ឋាននៃប្រទេស និង ប្រជាជនប្រទេសទាំងពីរ ហើយសមស្របនឹងច្បាប់ផ្ទៃក្នុងប្រទេសទាំងពីរ ច្បាប់អន្តរជាតិ និង ក្រមប្រតិបត្តិអន្តរជាតិ។ប៉ុន្តែមានប្រទេសមួយចំនួន ជាពិសេសប្រទេសមហាអំណាច មានការសង្ស័យ និង ដាក់សម្ពាធទៅវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង