Yearendyearend1140x150

កម្ពុជា-ចិនរៀបចំអភិវឌ្ឍនៅ«កំពង់ផែរាម»ក្រោមការឃ្លាំមើលពីអាម៉េរិក

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កម្ពុជា និង ចិន នៅថ្ងៃទី ៨ មិថុនានេះ បានបើកការដ្ឋានសាងសង់រោងជាងជួសជុល នាវា (Drydock, Slipway) ផែសំចត និង ស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម។ រូបភាព៖ FN

ព្រះសីហនុ៖ ប្រទេសកម្ពុជា និង ចិន នៅថ្ងៃទី ៨ មិថុនានេះ បានបើកការដ្ឋានសាងសង់រោងជាងជួសជុល នាវា (Drydock, Slipway) ផែសំចត និង ស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម។គម្រោងនេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនដល់កងទ័ពជើងទឹកកម្ពុជា។គម្រោងអភិវឌ្ឍរបស់«កំពង់ផែរាម»ពេលនេះ ធ្វើឡើងក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់មហាអំណាចអាម៉េរិក។

ជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនដល់កងទ័ពជើងទឹកកម្ពុជានេះ គឺផ្ដោតលើចំណុចសំខាន់ក្នុងការរៀបចំស្តារទីតាំងរបស់កងទ័ពជើងទឹក នៅមូលដ្ឋានរាម និង ជំរុំបន្ទាយទីបញ្ជាការ អគារសាលប្រជុំ, អគារឃ្លាំង, អគារកម្សាន្ត,អាហារដ្ឋាន, ទីលានកីឡា, អគារទទួលភ្ញៀវជាតិ-អន្តរជាតិស្តង់ដារកម្រិតខ្ពស់, ការកសាងប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹកស្អាត, ប្រព័ន្ធលូបង្ហូរទឹក។

គម្រោងនេះក៏នឹងជួយជួយជួសជុលនាវាចាស់ៗរបស់កម្ពុជា និង កសាងរោងជាងជួសជុលនាវា សម្រាប់បម្រើឱ្យការជួសជុលនាវាគ្រប់ប្រភេទដើម្បីកាត់បន្ថយការបញ្ជូនទៅជួសជុលនៅក្រៅប្រទេស និងបន្ថយការចំណាយថវិកាជាតិខ្ជះខ្ជាយ លើកកម្ពស់ការបង្ហាត់បង្រៀនអ្នកឯកទេសគ្រប់ផ្នែក ទាំងគ្រឿងបំពាក់ ដែលមានលើនាវាដោយខ្លួនឯង រៀនបើកបរ ជួសជុលថែទាំ និងសិក្សាស្រាវជ្រាវ លើកកម្រិតសមត្ថភាពជាអ្នកឯកទេស អាចជួសជុល ឬរៀបតម្លើងនាវាធុនមធ្យមល្មមៗ ដោយខ្លួនឯង សិក្សាច្បាប់ទម្លាប់ វិស័យផ្ទៃសមុទ្រ សម្រាប់ជាតិ និង អន្តរជាតិដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

គួរបញ្ជាក់ថា ពិធីបើកការដ្ឋានរៀបចំអភិវឌ្ឍនៅ«កំពង់ផែរាម»ពេលនេះ ធ្វើឡើងក្រោមការឃ្លាំមើលមិនដាច់ពីសំណាក់សហរដ្ឋអាម៉េរិក និង សម្ព័ន្ធមិត្ត។លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានស្នើចំៗទៅកាន់កម្ពុជាពីកង្វល់របស់ខ្លួនលើបញ្ហាកំពង់ផែរាម។ហើយមុនពិធីបើកការដ្ឋានមួយថ្ងៃ សារព័ត៌មានរបស់អាម៉េរិក វ៉ាស៊ីនតោនប៉ុស្តិ៍ ចុះផ្សាយចោទកម្ពុជាថា បានបើកដៃឲ្យចិនសំងំសាង​សង់ទ័ពជើងទឹកនៅកំពង់ផែរាមដោយសម្ងាត់ជាទីបំផុត។សារព័ត៌មាននេះ បានអះអាងថា គឺជាផ្នែកនៃយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងក្នុងការកសាងបណ្តាញមូលដ្ឋានយោធាជុំវិញពិភពលោក ដើម្បីគាំទ្រដល់សេចក្តីប្រាថ្នារបស់ខ្លួនក្នុងការក្លាយជាកំពូលមហាអំណាចក្នុងពិភពលោកនាពេលអនាគត។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជា បានច្រានចោលការចោទប្រកាន់ ហើយបានបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួនចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើ ទឹកដីកម្ពុជាឡើយ និង បានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និង ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង