ភ្នំពេញ៖សម្ដេចតេជោ បានលើកឡើងថា ទោះបីជាកម្ពុជាមានចំនួនអ្នកឆ្លងជំងឺឆ្លងកូវីដ-១៩មានចំនួនតិចក្ដី តែសម្ដេចស្នើឱ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ខ្ពស់ នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២ នៃការងើបឡើងវិញ នៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ដ៏កាចសាហាវបំផុតនេះ។
សម្ដេចមានប្រសាសន៍នៅលើផេកផ្លូវការ យ៉ាងដូច្នេះថា៖« សូមប្រុងប្រយ័ត្នរលកទី២នៃការរាត្បតជំងឺឆ្លងកូវីដ-១៩។ អ្វីដែលសំខាន់បំផុតនៅពេលនេះគឺការថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំឱ្យឆ្លងមេរោគកូវីដ១៩ អោយសោះ»។
សម្ដេចបន្តថា សូមកុំឱ្យមានវិប្បដិសារីកើតឡើង ព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្បន្ន ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសមានតិចមែន តែគ្រប់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញ នៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ ដ៏កាចសាហាវបំផុតនេះ។
សម្ដេចគូសបញ្ជាក់ថា មកទល់ថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេសទាំង ២១៧ ដែលមានអ្នកឆ្លងកើនឡើងជាង៥លាននាក់ហើយ (៥ ៤៩១ ៦៧៨) ហើយស្លាប់ជាង ៣០ម៉ឺននាក់ ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី២នាក់ផងដែរ៕