
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២០ ឧសភានេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស។ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលប្រទេសកម្ពុជារៀបចំប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា ថ្ងៃទី២០ ឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
បើតាមសម្តេចហ៊ុន សែន ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ សម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត។
សូមបញ្ជាក់ថា កម្ពុជាប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ រដ្ឋាភិបាលបានកំណត់យកថ្ងៃនេះជាថ្ងៃបុណ្យជាតិ តាមការស្នើសុំរបស់ភាគី ដើមបណ្តឹងរដ្ឋប្បវេណីដែលជាជនរងគ្រោះនៃរបបខ្មែរក្រហម៕