
ព្រះវិហារ៖ ខេត្តព្រះវិហារ ថ្ងៃទី១៦ ឧសភា នេះនឹងអនុវត្តន៍យុទ្ធនាការអន្ទាក់សូន្យ បន្ទាប់ពីខេត្តស្ទឹងត្រែង។ ការធ្វើយុទ្ធនាការនេះ មានរយៈពេល ៦ខែ គឺដើម្បីអភិរក្សធនធានជីវៈចម្រុះ និងធនធានធម្មជាតិ និងបញ្ឈប់តម្រូវការសាច់សត្វព្រៃក្នុងក្របខណ្ឌខេត្តក៏ដូចជាក្នុងក្របខណ្ឌប្រទេសទាំងមូល។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងក្នុងសន្និសីទកាសែតក្នុងខេត្តព្រះវិហារ នាថ្ងៃទី១៥ ឧសភា ថា ក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ ខែក្នុងខេត្ត ៦ ភាគខាងកើតទន្លេមេគង្គរួមមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើមនិងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការ ដៃគូដែលសហការក្នុងការងារអភិរក្ស។
លោក នេត្រ ភក្ត្រា បានបន្ដថា ការកំណត់យកខេត្ត ៦ នៅភាគខាងកើតនៃកម្ពុជា ជាគោលដៅព្រោះខេត្តទាំង ៦ នេះមានផ្ទៃដីភាគច្រើនគ្របដណ្តប់ដោយតំបន់ការពារធម្មជាតិដែលមានវត្តមានព្រៃឈើ និងសត្វព្រៃ និងខេត្តទាំង ៦ នេះមានសកម្មភាពលក់សាច់សត្វព្រៃដោយខុសច្បាប់នៅតាមទីផ្សារ និងនៅតាមតំបន់នានា ដែលចាំបាច់ត្រូវធ្វើការអប់រំផ្សព្វផ្សាយ ទប់ស្កាត់និងបង្ក្រាបឱ្យបានមានប្រសិទ្ធភាពខ្ពស់។
លោក នេត្រ ភក្ត្រា បានបន្ថែមថា ក្នុងឆ្នាំ ២០២១ ក្រសួង បរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកអន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។
គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែង ជាខេត្តទីមួយ ដែលបានដាក់ការអនុវត្តន៍យុទ្ធនាការអន្ទាក់សូន្យ កាលពីថ្ងៃទី០៧ មេសា កន្លងទៅនេះ ដើម្បីលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិ៕

