Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកមួយថ្ងៃក្រោយបញ្ចុះសពបងប្រុស

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ចេញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក នៅថ្ងៃទី ១០ ឧសភា ឆ្នាំ២០២២។

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ជាប្រធានអាស៊ាន សម្តេច ហ៊ុន សែន នៅថ្ងៃទី ១០ ឧសភានេះ បានដឹកនាំគណៈ​ប្រតិភូ​ជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ការចាកចេញពីមាតុភូមិកម្ពុជានេះ ធ្វើឡើងក្រោយមួយថ្ងៃនៃពិធីបុណ្យបញ្ចុះសពសម្តេច ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេច។

មន្ត្រីអមដំណើរសម្តេច ហ៊ុន សែន រួមមាន ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀត។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូល សម្តេច ហ៊ុន សែន រួមជាមួយថ្នាក់ដឹកនាំអាស៊ានដទៃទៀត នឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ជាមួយសមាជិកសភាអាម៉េរិកមកពីគណបក្សទាំងពីរ គឺគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ នៅវិមានរដ្ឋសភាអាម៉េរិក ហើយនឹងទទួលការស្វាគមន៍ និងអញ្ជើញចូលរួមកម្មវិធីអាហារពេលល្ងាចរៀបចំដោយ ឯកឧត្តម ចូ បៃដិន ប្រធាននាធិបតីសហរដ្ឋអាមេរិក នៅសេតវិមាន។ក្នុងកិច្ចប្រជុំកំពូលនោះ ភាគីអាម៉េរិក និង អាស៊ាន គ្រោងនឹងលើកយកប្រធានបទជាច្រើនយកមកពិភាក្សាផ្លាស់ប្តូរទស្សនគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ និង ការនាំភាពជាដៃគូអាស៊ាន-អាម៉េរិក។

ចំណែកជំនួបក្រៅផ្លូវការ សម្តេច ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាម នឹងថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនទៀត ហើយ នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលរស់នៅសហរដ្ឋអាម៉េរិកផងដែរ។

ជាការគត់សម្គាល់ ការចាកចេញពីមាតុភូមិកម្ពុជារបស់សម្តេច ហ៊ុន សែននៅពេលនេះ ធ្វើឡើងក្រោយមួយថ្ងៃនៃពិធីបុណ្យបញ្ចុះសពសម្តេច ហ៊ុន ណេង ដែលជាបងប្រុសបង្កើតរបស់សម្តេច។មុនចាកចេញពីមាតុប្រទេសសម្តេច ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិពីភារកិច្ចប្រទេសជាតិតម្រូវឱ្យសម្តេចចាកចេញដោយខានមិនបាន ហើយការចាកចេញនេះធ្វើឡើងក្នុងទឹកមុខក្រៀមក្រំលាយឡំដោយទឹកភ្នែក៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង