Yearendyearend1140x150

វៀតណាម៖ខ្លួនមិនទាន់ចាត់ទុកអ្នកជំងឺកូវីដ-១៩លេខ៣១៥បានឆ្លងជំងឺពីកម្ពុជានោះទេ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកអគ្គរដ្ឋទូតវៀតណាមនៅកម្ពុជា លោក វ៉ូ ក្វាង មិញ(ប្រភពរូបភាព៖ Vietnam Embassy in Cambodia)

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវៀតណាមនៅកម្ពុជា លោក វ៉ូ ក្វាង មិញ នៅថ្ងៃនេះ បានចេញមុខបំភ្លឺពាក់ព័ន្ធនៃការច្រានចោលរបស់ក្រសួងសុខាភិបាលកម្ពុជាលើការចុះផ្សាយរបស់កាសែតវៀតណាម Vietnam Newsដែលបានចុះផ្សាយថា ជនជាតិវៀតណាមម្នាក់បានឆ្លងកូវីដ-១៩ បន្ទាប់ពីចាកចេញពីប្រទេសកម្ពុជា។សម្រាប់ព័ត៌មាននេះ ខាងភាគីវៀតណាមមិនទាន់ចាត់ទុកអ្នកជំងឺកូវីដ-១៩ លេខ៣១៥ ដែលបានធ្វើតេស្ដវិជ្ជមាននៅរៀតណាមកាលពីថ្ងៃទី១៦ ខែឧសភានេះ ថាមកពីកម្ពុជា១០០ភាគរយទេ។

ក្នុងបទសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជា ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ បានបញ្ជាក់ថា ភាគីវៀតណាមមិនទាន់អះអាងថា អ្នកផ្ទុកជំងឺលេខ៣១៥មានការឆ្លងជំងឺកូវីដ-១៩ក្នុងពេលនៅប្រទេសកម្ពុជានោះទេ ហើយរាល់វិធានការដែលបានដាក់ចេញគ្រាន់តែជាការស្វែងរក ដើម្បីធ្វើចត្តាឡឺស័ក ១៧នាក់ ដែលមានការប៉ះពាល់ក្នុងរយៈពេលដែលអ្នកជំងឺលេខ៣១៥ស្នាក់នៅប្រទេសវៀតណាមតែប៉ុណ្ណោះ។

បើតាមលោក វ៉ូ ក្វាង មិញ តាមគោលការណ៍បង្ការ និងប្រឆាំងជំងឺឆ្លង វៀតណាមត្រូវអនុវត្តការដាក់អោយនៅដាច់ដោយឡែកគ្រប់ករណីដែលមានការសង្ស័យ និងត្រូវប្រកាសជាសាធារណៈនូវព័ត៌មានមួយចំនួនទាក់ទងនឹងអ្នកជំងឺ ដូចជាការធ្វើដំណើររបស់អ្នកជំងឺនេះ ដើម្បីអ្នកដែលធ្លាប់មានការប៉ះពាល់អោយមានការប្រុងប្រយ័ត្ន និងរាយការណ៍ដល់ស្ថាប័នជំនាញរបស់វៀតណាម។

ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី១៨ឧសភានេះ បានចាត់ទុកការចុះផ្សាយនៅក្នុងកាសែតវៀតណាម Vietnam News មិនមែនជាការពិតទេ ហើយក្រសួងស្នើឱ្យវៀតណាមគោរពបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មកអន្តរជាតិលើករណីជំងឺកូវីដ១៩ មុនធ្វើសេចក្តីសន្និដ្ឋាន ឬចុះផ្សាយដែលជាការប៉ះពាល់ធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងតំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ទូតវៀតណាមបានសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាលវៀតណាមបាន និងកំពុងសហការដ៏ស្អិតរមួត និងតែងតែមានការផ្លាស់ប្តូរព័ត៌មានជាមួយក្រសួងសុខាភិបាលកម្ពុជា និងបណ្តាប្រទេសដទៃ ក្នុងគោលបំណងរួមគឺខិតខំបង្ការ និងប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង