Cct850x100 1
1800px x h300px kh

បុរសអាយុ ៤៧ឆ្នាំនៅខេត្តកំពង់ចាម បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ចាម៖ សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីស្លាប់របស់បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ល្ងាចម៉ោង០៤ និង០០នាទី។ 

យោងតាមរបាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានឲ្យដឹងថា បុរសជាតិខ្មែរ ឈ្មោះ ស៊ឹង ពិសិដ្ឋ អាយុ ៤៧ឆ្នាំ ជាអ្នកលក់ដូរ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២១ បុរសរូបនេះ បានជិះម៉ូតូមកវិទ្យាល័យហ៊ុនសែនព្រៃទទឹង និងបានសុំក្រុមគ្រូពេទ្យ ពិនិត្យសំណាករកមេរោគកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩។

ក្រោយមកបុរសខាងលើនោះ ត្រូវបានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យមេគង្គកំពង់ចាម ដោយសារបុរសរូបនេះ មានប្រវត្តិជំងឺរបេងសួត ទឹកនោមផ្អែម លើសសំពាធឈាម និងពិសារបារីជាប្រចាំ (១ថ្ងៃ ចំនួន ០២កញ្ចប់)។ ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ល្ងាចម៉ោង០៤ និង០០នាទី។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរ ឈ្មោះ ស៊ឹង ពិសិដ្ឋ អាយុ ៤៧ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ និងមានជំងឺទឹកនោមផ្អែម លើស សំពាធឈាម។ 

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធជាមួយនឹងសពខាងលើ សូមមេត្តា រួសរាន់ទៅជួបគ្រូពេទ្យនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ទាន់ពេលវេលា និងសូមសាធារណជនទាំងអស់ចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត មានការសោកស្តាយជាពន់ពេក និងសូមចូលរួមចំណែករំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព៕ 

Khcct banner

អត្ថបទទាក់ទង