Yearendyearend1140x150

ស្រ្តីម្នាក់នៅក្រុងប៉ោយប៉ែត មានរបួសប៉ះទង្គិចក្បាលធ្ងន់ធ្ងរ និងមានជំងឺកូវីដ-១៩បានបាត់បង់ជីវិត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖​ រដ្ឋបាលក្រុងប៉ោយប៉ែត បានប្រកាសថា ស្រ្តីម្នាក់មានរបួសប៉ះទង្គិចក្បាលធ្ងន់ធ្ងរ បន្ទាប់ពីបានធ្លាក់ពីលើផ្ទះកំពស់ ៤ម៉ែត្រ ឈ្មោះ ឈៀន សុខា អាយុ ៥១ឆ្នាំ នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបាត់បង់ជីវិត នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩ និង១០នាទី ហើយត្រូវបានរកឃើញមានជំងឺកូវីដ-១៩។

ក្នុងសេចក្តីប្រកាសព័ត៌មានរដ្ឋបាល បានឱ្យដឹងថា  ពាក់ព័ន្ធករណីមរណភាពខាងលើ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ រសៀលម៉ោង០១ និង៥០នាទី អ្នកជំងឺត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដោយមូលហេតុ«ធ្លាក់ពីលើផ្ទះកំពស់៤ម៉ែត្រ» ដោយស្ថិតក្នុងស្ថានភាពសន្លប់ និងបែកក្បាលហូរឈាម។ បន្ទាប់មកក្រុមគ្រូពេទ្យបានធ្វើការជួយសង្គ្រោះអ្នកជំងឺទៅតាមបច្ចេកទេស និងបានយកវត្ថុសំណាក ពិនិត្យដោយតេស្តរហ័ស(Rapid Test) គឺអវិជ្ជមានកូវីដ-១៩ តែដោយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ទើបក្រុមគ្រូពេទ្យបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។ ដោយឡែក អ្នកកំដរត្រូវជាប្តីឈ្មោះ ហេង សុភាព អាយុ ៤៩ឆ្នាំ ក្រុមគ្រូពេទ្យ បានយកវត្ថុសំណាកពិនិត្យដោយ (Rapid Test) គឺវិជ្ជមានកូវីដ-១៩ ហើយបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ តាំង ប៊ុនហេង ។ 

ស្រ្តីឈ្មោះ ឈៀន សុខា បានមកដល់មន្ទីរពេទ្យខេត្ត នៅល្ងាចម៉ោង៥ និង៤៥នាទី ក្នុងស្ថានភាពកាន់តែមានសភាពធ្ងន់ធ្ងរ សន្លប់បាត់បង់ស្មារតី និងមានការហូរឈាមខ្លាំងត្រង់ក្បាល ហើយក្រុមគ្រូពេទ្យបានប្រឹងប្រែងធ្វើការជួយសង្គ្រោះដោយធ្វើចលនាបេះដូង និងផ្លូវដង្ហើមដោយប្រើប្រាស់ឧបករណ៍ជំនួយផ្លូវដង្ហើម ព្រមទាំងឱសថអស់ពីសមត្ថភាព និងលទ្ធភាពតាមលក្ខណៈបច្ចេកទេស តែក៏នៅតែមិនអាចជួយសង្គ្រោះអាយុជីវិតអ្នកជំងឺបានឡើយ ហើយគាត់ ក៏បានទទួលមរណភាពនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩ និង១០នាទី ក្រោយពេលស្លាប់ ក្រុមគ្រូពេទ្យបានយកសំណាកមកពិនិត្យម្តងទៀត លទ្ធផលពិនិត្យដោយម៉ាស៊ីន arexpert គឺ វិជ្ជមានកូវីដ-១៩ (មានជំងឺកូវីដ-១៩) ។

តាមការសន្និដ្ឋានក្រុមគ្រូពេទ្យ ចំពោះករណីបាត់បង់ជីវិតរបស់ស្ត្រីខាងលើ ដោយសាររបួសប៉ះទង្គិចក្បាលធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ-១៩។ ជាមួយគ្នានេះ  រដ្ឋបាលក្រុង សូមសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ហើយក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តសហការ និងចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង