Cct850x100 1
1800px x h300px kh

អាជ្ញាធរខេត្តសៀមរាបរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៣នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៣នាក់ ជាករណីឆ្លងក្នុងសហគមន៍ ដែលម្នាក់ជាអាជីវករលក់កាហ្វេនៅក្រុងសៀមរាប និង២នាក់ទៀត ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ។ 

១- ឈ្មោះ ស៊ុំ សុធា ភេទស្រី អាយុ៥០ឆ្នាំ មានអាសយដ្ឋាននៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ជាអាជីវករលក់កាហ្វេ យីហោ ឧម៉ា លក់កាហ្វេ នៅប៉ែកខាងមុខឈាងខាងលិច នៃផ្សារសាមគ្គី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ស្ត្រីរូបនេះ បានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពសាច់ញាតិនៅរាជធានីភ្នំពេញ នៅចន្លោះថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២១ និងបានធ្វើដំណើរត្រឡប់មកខេត្តសៀមរាបវិញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

២- ឈ្មោះ យឹម ផល្លី ភេទស្រី អាយុ៤៩ឆ្នាំ មានអាសយដ្ឋាននៅភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

៣- ឈ្មោះ ឈី រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មានអាសយដ្ឋាននៅភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

តាមរយៈទិន្នន័យកត់ត្រានៅប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code នៅព្រំប្រទល់ខេត្តសៀមរាប នៅគោលដៅស្រុកជីក្រែង បានបង្ហាញថា អ្នករួមដំណើរជាមួយករណីទីមួយ មានចំនួន ២៤នាក់ និង ករណីទី២ និងទី៣ មានអ្នករួមដំណើរចំនួន ៨នាក់ ដូចមានក្នុងបញ្ជីជូនភ្ជាប់។ ដូចនេះតាមរយៈទិន្នន័យនេះ បានជួយដល់ក្រុមការងារក្នុងការកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធបានឆាប់-រហ័ស និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ដែលមកទល់ពេលនេះគណៈ-បញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ និងក្រុមការងារជំនាញបាននឹងកំពុងស្រាវជ្រាវ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាន ឬធ្លាប់បានទៅទិញកាហ្វេ យីហោ ឧម៉ា លក់កាហ្វេ នៅប៉ែកខាងមុខឈាងខាងលិច នៃផ្សារសាមគ្គី ឬអ្នកមានរួមដំណើរក្នុងរថយន្តជាមួយ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៨នាក់ បានព្យាបាលជាសះ-ស្បើយចំនួន ៥២នាក់ ស្លាប់ ០២នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ៤៤នាក់៕ 



ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង