Yearendyearend1140x150

រកឃើញករណីឆ្លងកូវីដម្នាក់ទៀតនៅខេត្តស្ទឹងត្រែង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ ចំនួន ០១នាក់ទៀត ដែលជាករណីទី៣ ដែលឆ្លងនៅខេត្តស្ទឹងត្រែង។

ក្នុងសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្ត នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២១ តាមរយៈការជូនដំណឹង និងការប្រមូលព័ត៌មានក្នុងមូលដ្ឋានភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រុមគ្រូពេទ្យបានចុះយកសំណាកអ្នកសង្ស័យពាក់ព័ន្ធ ដើម្បីវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧករណ៍តេស្តរហ័ស គឺយុវជនម្នាក់ឈ្មោះ ជាង ស៊ី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ដែលពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដគ្រួសារមួយសមាជិក ៥នាក់ដែលវិជ្ជមានកូវីដនៅខេត្តកណ្ដាល។

យុវជន ជាង ស៊ី កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ បានជិះឡានដឹកបន្លែពីស្រុកកោះ ខេត្តកណ្ដាល មកខេត្តស្ទឹងត្រែង ដែលបានចុះនៅចំណតរថយន្តមាត់ទន្លេ ក្នុងក្រុងស្ទឹងត្រែង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រួចបន្តដំណើរទៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ដើម្បីទៅជួយធ្វើចម្ការឪពុកមា ឈ្មោះ អ៊ុន សំអុល ភេទប្រុស អាយុ ៥៣ឆ្នាំ។ អាជ្ញាធរ បានរកឃើញអ្នកពាក់ព័ន្ធក្នុងមូលដ្ឋានផ្ទាល់ ចំនួន ០៤នាក់ ហើយត្រូវបានធ្វើតេស្ករហ័ស ជាលទ្ធផលអវិជ្ជមានទាំងអស់ ហើយបច្ចុប្បន្ន ត្រូវបានដាក់ឲ្យសម្រាកនៅ«មណ្ឌលចត្តាឡីស័កកម្រិតស្រាល ស្រឡៅ» ស្រុកថាឡាបរិវ៉ាត់។

ដោយឡែក អ្នករួមដំណើរក្នុងរថយន្តដឹកបន្លែនោះមាន ០៥នាក់ ក្នុងនោះបានចុះចំណតនៅទីរួមខេត្តក្រចេះ ០១នាក់ និងនៅទីរួមខេត្តស្ទឹងត្រែង ២នាក់ ព្រមទាំងតៃកុងឡាន ០១នាក់ ត្រូឡាន ០១នាក់ នៅពុំទាន់កំណត់អត្តសញ្ញាណបាន ក្រុមការងារកំពុងបន្តទំនាក់ទំនងស្រាវជ្រាវរក។

រដ្ឋបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់អ្នកសង្ស័យ និងមានការពាក់ព័ន្ធនឹងករណីនេះទំនាក់ ទំនងមកក្រុមការងារឆ្លើយតបបន្ទាន់ តាមរយៈលេខទូរសព្ទ 088 877 8000 ឬ 017 788 000 ដើម្បីអនុវត្តវិធានការឆ្លើយតបសភាពការណ៍បានទាន់ពេលវេលា។

សូមបញ្ជាក់ថា មកដល់ពេលនេះ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តស្ទឹងត្រែង សរុបចំនួន ០៣នាក់ហើយ។ អ្នកជំងឺទាំងនោះ កំពុងត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅក្នុងអគារព្យាបាលអ្នកជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែកខេត្ត៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង