Cct850x100 1
1800px x h300px kh

ស្រ្តីម្នាក់វ័យ«២៧ឆ្នាំ»នៅខេត្តកំពង់ចាមបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

កំពង់ចាម៖ យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែឧសភា នេះ ស្តីពីករណីស្លាប់របស់ស្ត្រីជនជាតិខ្មែរ អាយុ ២៧ឆ្នាំ អាសយដ្ឋាននៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ព្រឹកម៉ោង៦ និង០៥នាទី ដោយសារជំងឺកូវីដ-១៩។ 

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ដោយយោងតាមរបាយការណ៍ពី«មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត» បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរឈ្មោះ សាន គឹមឡាង អាយុ ២៧ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ (GNT ហៅអគារ៣២) នៅព្រៃសរ រាជធានីភ្នំពេញ ស្នាក់នៅបន្ទប់ជួលនៅម្តុំព្រៃសរ រាជធានីភ្នំពេញ។ 

កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ស្រ្តីដែលបានទទួលមរណភាពខាងលើ ឈ្មោះ សាន គឹមឡាង បានធ្វើដំណើរមកជាមួយប្តីឈ្មោះ ស៊ុន រ៉ាយុទ្ធ មកស្រុកកំណើត នៅភូមិក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ស្ត្រីរូបនេះ និងស្វាមី ត្រូវបញ្ជូនមកយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករដ្ឋបាលខេត្ត ដោយសារមានការសង្ស័យផ្ទុកជំងឺកូវីដ-១៩ មកពីតំបន់ក្រហម នៅរាជធានីភ្នំពេញ។ 

នៅវេលាម៉ោង៥:០០ល្ងាច ថ្ងៃដដែល ស្ត្រី សាន គឹមឡាង បានចេញអាការៈ ក្តៅខ្លួន ក្អក ហត់ ក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័ក បានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យខេត្ត និងបានធ្វើតេស្តរហ័សកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។ ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយ សង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ព្រឹកម៉ោង៦ និង០៥នាទី។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជាតិខ្មែរ ឈ្មោះ សាន គឹមឡាង អាយុ ២៧ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ និងមានផ្ទៃពោះ ៧ខែ។

រដ្ឋបាលខេត្តកំពង់ចាម បានចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព៕ 


Khcct banner

អត្ថបទទាក់ទង