Yearendyearend1140x150

អាជ្ញាធរ«ខេត្តក្រចេះ»រកឃើញករណីវិជ្ជមានកូវីដ-១៩ម្នាក់ទៀតហើយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រចេះ៖ យោងតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ អាជ្ញាធរ បានរកឃើញស្រ្តីម្នាក់វិជ្ជមានកូវីដ-១៩ ឈ្មោះ «អាង សន» អាយុ ៧៣ឆ្នាំ រស់នៅភូមិស្រែស្តៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ 

ក្នុងសេចក្តីជូនដំណឹងដដែល រដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងថា ដោយតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ ស្រ្តីវ័យ ៧៣ឆ្នាំ ឈ្មោះ អាង សន បានចូលសម្រាកព្យាបាលនៅ«មន្ទីរពេទ្យបង្អែកខេត្តក្រចេះ» កាលពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ហើយបានចេញពីមន្ទីរពេទ្យបង្អែកខេត្ត ទៅសម្រាកនៅផ្ទះ។

ដោយឡែក នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បានត្រឡប់មកសម្រាកព្យាបាលនៅ«មន្ទីពេទ្យបង្អែកខេត្តក្រចេះ»ម្តងទៀត ដោយអាការៈហត់ និងពិបាកដកដង្ហើម ក្រុមគ្រូពេទ្យក៏បានយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាលទ្ធផល ឈ្មោះ អាង សន គឺមានផ្ទុកជំងឺកូវីដ-១៩  តាមការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ 

ដូចនេះ ក្រុមមន្ត្រីជំនាញសុខាភិបាលខេត្ត និងអាជ្ញាធរ បាននិងកំពុងស្រាវជ្រាវរកប្រភពចម្លង និងអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងស្រង់យកសំណាកតេស្ដរកជំងឺកូវីដ-១៩។ អាស្រ័យហេតុនេះ សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយស្រ្តីខាងលើ ឈ្មោះ អាង សន សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នក ពាក់ព័ន្ធដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរាយការណ៍មកអាជ្ញាធរ និងរួសរាន់ធ្វើ ចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ 

ករណីបើសិនបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ករ និងថប់ដង្ហើម ឬរោគសញ្ញាផ្សេងៗ សូមទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលស្ថិតនៅកន្លែងបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដោយចូលរួម អនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា៕ 



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ ក្រចេះ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង