Yearendyearend1140x150

រកឃើញករណីឆ្លងកូវីដ«លើកដំបូង»នៅខេត្តស្ទឹងត្រែង

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ស្ទឹងត្រែង៖ យោងតាមរដ្ឋបាលខេត្តស្ទឹងត្រែង ដោយយោងតាមមន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ តាមរយៈលទ្ធផលវិភាគរកជំងឺកូវីដ-១៩ ក្នុងខេត្តស្ទឹងត្រែង បានរកឃើញវិជ្ជមានកូវីដមួយករណី លើស្រ្តីម្នាក់ធ្វើដំណើរពីខេត្តព្រះសីហនុ មកដល់ខេត្តស្ទឹងត្រែង ជាករណីឆ្លងកូវីដលើកដំបូង ក្នុងខេត្តស្ទឹងត្រែង។ 

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ពីករណីនេះកើតលើឈ្មោះ លី សុភា ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ធ្វើដំណើរពីខេត្តព្រះសីហនុ មកដល់លំនៅដ្ឋាននៅ ភូមិអូរឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ត្រូវបានយកសំណាកវត្ថុវិភាគរកជំងឺកូវីដ-១៩ និងដាក់ឲ្យសម្រាកនៅ«មណ្ឌលចត្តាឡីស័កកម្រិត១» ក្នុងក្រុងស្ទឹងត្រែង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ដោយអប់រំការដាក់ខ្លួននៅដាច់ដោយឡែករយះពេល ១៤ ថ្ងៃ នៅ «មណ្ឌលធ្វើចត្តាឡីស័កកំរិត១» ខេត្តស្ទឹងត្រែង។ រហូតមកដល់ត្រឹមម៉ោង៩ និង០០នាទីព្រឹក ថ្ងៃទី០១ ខែ ឧសភា ឆ្នាំ២០២១ លទ្ធផលវិភាគរបស់«មន្ទីរពេទ្យព្រះកេតុមាលា» បានបញ្ជាក់ថា មានផ្ទុកជំងឺកូដ-១៩។ 

ហើយក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត បានធ្វើការដឹកជញ្ជូនអ្នកជំងឺពីកន្លែងធ្វើចត្តាឡីស័កនៅ «មណ្ឌលធ្វើចត្តាឡីស័កកំរិត១» មកព្យាបាលនៅ «មណ្ឌលធ្វើចត្តាឡីស័កកំរិត២»។

រដ្ឋបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់សាធារណជន និងប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយនឹងស្រ្តីឈ្មោះ «លី សុភា» អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ធ្វើការទំនាក់ទំនង ឬជូនដំណឹងទៅក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត តាមរយៈលេខទូរសព្ទ 088 877 8000 ឬ 017 788 000 ដើម្បីពិនិត្យ ចាត់ចែងយកសំណាកវត្ថុវិភាគរកជំងឺកូវីដ-១៩ និងអនុវត្តវិធានការចត្តាឡីស័កតាមគោលការណ៍។

ជាមួយគ្នានេះ អាជ្ញាធរ ក៏បានធ្វើការអំពាវនាវ ស្នើសុំដល់សាធារណជន ប្រជាពលរដ្ឋ អ្នកដំណើរ ក្រុមហ៊ុន ម្ចាស់អាជីវកម្ម រថយន្តដឹកជញ្ជូន និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តគោលការណ៍ «៣ការពារ និង៣កុំ” វិធានការសុខាភិបាល និងវិធានការរដ្ឋបាលឲ្យបានខ្ជាប់ខ្លួន និងមានក្តីសង្ឃឹមថា មានការចូល រួមសហការយ៉ាងសកម្មបានល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រី-ក្រុមគ្រូពេទ្យមានសមត្ថកិច្ច ចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង