Cct850x100 1

«ឃុំចំនួន៤»ក្នុងខេត្តព្រៃវែងត្រូវបានបើកដំណើរចរាចរណ៍ចេញ-ចូលឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ព្រៃវែង៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នេះ អាជ្ញាធរ បានសម្រេចក្នុងការបើកឲ្យដំណើរការចរាចរណ៍ចេញ-ចូលឡើងវិញ ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំទាំង៤ ដែលស្ថិតនៅស្រុកពាមរក៍ ក្នុងខេត្តព្រៃវែង រួមមាន ឃុំព្រែកខ្សាយ(ក) , ឃុំព្រែកខ្សាយ(ខ) , ឃុំអ្នកលឿង និង ឃុំពាមរក៍។ 

ក្នុងសេចក្ដីជូនដំណឹងដដែល បានឱ្យដឹងថា កន្លងមក រដ្ឋបាលខេត្តព្រៃវែង បានធ្វើការផ្អាកជាបណ្តោះអាសន្ននូវការចេញ-ចូល ចំពោះប្រជាពលរដ្ឋ ចំនួន ០៤ឃុំ គឺឃុំព្រែកខ្សាយ(ក) ឃុំព្រែកខ្សាយ(ខ) ឃុំអ្នកលឿង និងឃុំពាមរក៍ ដែលសុទ្ធតែជាឃុំនៃស្រុកពាមរក៍ ខេត្តព្រៃវែង ហើយជាទីតាំងដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងឃុំព្រែកខ្សាយ(ខ) កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។ 

ដោយឡែក ស្ថានភាពបច្ចុប្បន្ននៅក្នុងឃុំចំនួន ០៤ខាងលើនេះ មានសភាពស្ងប់ស្ងាត់ ពុំមានការបង្កហានិភ័យនៃជំងឺកូវីដ-១៩ និងដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ បានដំណើរការចេញ-ចូលក្នុងការប្រកបមុខរបរ និងជីវភាពរស់នៅប្រចាំថ្ងៃ។

ហេតុដូចនេះ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសជូនដំណឹងដល់សាធារណជនទូទៅ ឱ្យដឹងជាព័ត៌មានថា បើកឲ្យដំណើរការចរាចរណ៍ចេញ-ចូលឡើងវិញ ចំពោះប្រជាពលរដ្ឋ ចំនួន ០៤ឃុំ គឺឃុំព្រែកខ្សាយ(ក) ឃុំព្រែកខ្សាយ(ខ) ឃុំអ្នកលឿង និងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ចំពោះការបើកដំណើរចរាចរណ៍នូវឃុំទាំងបួនខាងលើនេះ អាជ្ញាធរខេត្ត ក៏នៅតែសំណូមពរដល់បងប្អូនប្រជាពលរដ្ឋអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ និងវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅកាត់ផ្តាច់នូវខ្សែចម្លងនៃជំងឺកូវី៥-១៩ ពិសេស អនុវត្តនូវវិធានការ ការពារ និង ៣កុំ”  ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសេសក្នុងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ២០២១» ឱ្យបានល្អ ដោយ “ចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីខ្លួនឯង សាច់ញាតិ សហគមន៍ និងប្រទេសជាតិ គ្មានជំងឺកូវីដ-១៩”។

សូមបញ្ជាក់ថា គិតចាប់ពីម៉ោងសូន្យ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១កន្លងទៅ ដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំងនៅក្នុងស្រុកពាមរក៍ រដ្ឋបាលខេត្តព្រៃវែង បានសម្រេចបិទការចេញចូលទីតាំង ដែលបានរកឃើញអ្នករកឃើញអ្នកកើតជំងឺកូវីដ ១៩មានចំនួនកាន់តែច្រើន ដោយសម្រេចផ្អាកជាបណ្តោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋ ចំនួន៤ឃុំ (ឃុំព្រែកខ្សាយ(ក) ឃុំព្រែកខ្សាយ(ខ)ឃុំអ្នកលឿង និងឃុំពាមរក៍) នៃស្រុកពាមរក៍ខេត្តព្រៃវែង បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៥នាក់ហើយ ក្នុងនោះស្រុកពាមរក៍មានរហូតដល់ទៅ ៣៦នាក់ ក្នុងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១កន្លងទៅ៕ 



Khcct banner

អត្ថបទទាក់ទង