Cct850x100 1
1800px x h300px kh

បុរសម្នាក់ទៀតនៅ«ខេត្តត្បូងឃ្មុំ»រកឃើញវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៤ មេសា​នេះ យោងតាមរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រកាសថា ក្នុងថ្ងៃទី២៣ មេសា​ ២០២១ រកឃេីញករណីបុរសម្នាក់ប្រកបរបរជាកសិករមានវិជ្ជមានកូវីដ-១៩ មានអាសយដ្ឋាននៅភូមិកោងកាង១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ 

រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ករណីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ខេត្តត្បូងឃ្មុំ បានរក ឃើញវិជ្ជមានជំងឺកូវីដ-១៩ លើបុរសជាជនជាតិខ្មែរចំនួន ០១នាក់បន្ថែមទៀត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២១ ឈ្មោះ «គ្រាច រ៉ាំ» អាយុ ២៨ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះ ប្រវត្តិនៃការឆ្លងរបស់បុរសវិជ្ជមានកូវីដ-១៩ មានដំណើរដូចតទៅ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បុគ្គលឈ្មោះ គ្រាច រ៉ាំ បានស្នាក់នៅផ្ទះ ភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ថ្ងៃបន្ទាប់ទី០៩ មេសា ក៏បានទៅលេងផ្ទះ ឈ្មោះ រឺ ស៊ីថុន ហៅ (យ៉ន ស៊ីធន់) ភេទស្រី អាយុ ៣៣ឆ្នាំ (ដែលវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៦ ខែមេសាកន្លងទៅ) នៅភូមិកោងកាងទី១ ឃុំ កោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ 

នៅថ្ងៃទី១០ដល់ទី១៥ ខែមេសា ឆ្នាំ២០២១ បានស្នាក់នៅផ្ទះភូមិកោងកាងទី១ ឃុំកោងកាងស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ។ ហើយនៅថ្ងៃទី១៦ ខែមេសា បុរសខាងលើ «គ្រាច រ៉ាំ» បានធ្វើចត្តាឡីស័កនៅ«មណ្ឌលចត្តាឡីស័កវិទ្យាល័យតេជោសែនត្បូងឃ្មុំ» (QC2) រួចយកសំណាកលើកទី១។ រហូតដល់ថ្ងៃទី២៣ ខែមេសា នេះ បានយកសំណាកលើកទី២ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។ បច្ចុប្បន្នកំពុងសម្រាក និងព្យាបាលនៅ«មន្ទីរពេទ្យបង្អែកពញាក្រែក» ក្នុងខេត្តត្បូងឃ្មុំ។ 

ចំណែកអ្នកប៉ះពាល់សរុប ចំនួន ៨៦នាក់។ ក្នុងនោះអ្នកប៉ះពាល់ផ្ទាល់មានចំនួន ១២នាក់ និងអ្នកប៉ះពាល់ប្រយោល ចំនួន ៣៤នាក់។ ចំពោះទីតាំងពាក់ព័ន្ធនឹងករណីឆ្លងនឹងបុរសខាងលើមាន៖ ផ្ទះឈ្មោះ «គ្រាច រ៉ាំ» ដែលវិជ្ជមានកូវីដ-១៥ នៅភូមិកោងកាងទី១ ឃុំកោងកាង ឪលោក ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បាននឹងកំពុងចាត់វិធានការបន្តស្រាវជ្រាវរកបុគ្គលប៉ះពាល់ផ្ទាល់ ឬប្រយោល និងកំណត់មុខសញ្ញាទីតាំងពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៥ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

 គួរបញ្ជាក់ថា រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល និងធ្លាប់បានទៅទីតាំងជាមួយបុគ្គល «គ្រាច រ៉ាំ» ខាងលើ ហើយតាមដានសុខភាពរបស់ខ្លួន ឃើញមានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗសូមទៅ ពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ៩៨៣ ៦៣៩ / ០៩៧ ៦៨៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២/ ០៨៨ ៧៤០ ០៩៣០ និង០៩៧ ៩៧៩ ៩៨៩៨៕ 


ពាក្យទាក់ទង: កូវីដ ត្បូងឃ្មុំ
Khcct banner

អត្ថបទទាក់ទង