Cct850x100 1
1800px x h300px kh

អាជ្ញាធរឃាត់ខ្លួនមនុស្សពីរក្រុមមានគ្នា«៦នាក់»ជួបជុំផឹកស៊ីដែលល្មើសនឹងច្បាប់ប្រឆាំងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

រាជធានីភ្នំពេញ៖ យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានទទួលព័ត៌មានថា មានមនុស្ស២ក្រុម«ចំនួន៦នាក់» បានជួបជុំផឹកស៊ី ផ្ទុយពី«ច្បាប់ស្តីពីការប្រឆាំងនឹងជំងឺកូវីដ១៩» លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចម៉ោង ៦ និង០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅដល់អធិការនគរបាលខណ្ឌឬស្សីកែវ ក្នុងការដឹកនាំកម្លាំង ដើម្បីចាប់ឃាត់ខ្លួនជនដែលផឹកសុីទាំងនោះ ល្មើសនឹងច្បាប់ក្នុងន័យមិនចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ឃាត់ខ្លួនជនទាំងនោះយកមក«អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ» ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕ 

ជាមួយគ្នានេះ អាជ្ញាធរ ក៏សូមសំណូមពរ និងតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបៗ មានសិទ្ធិណែនាំអ្នកនៅជុំវិញខ្លួន ឱ្យអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដើម្បីបានចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ អាជ្ញាធរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង។ ប្រជាជនទាំងអស់ ត្រូវចូលរួមសហការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចប្រកាសដាក់ឱ្យប្រើប្រាស់អនុក្រឹត្យថ្មីមួយស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ក្នុងអនុក្រឹត្យនេះ ស្របតាមមាត្រា១៩ បានកំណត់ថា «ត្រូវពិន័យអន្តរការណ៍ពី ២០០.០០០ (ពីរសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងត្រូវពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ចំពោះអ្នកទទួលខុសត្រូវរៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត ដែលមិនគោរពវិធានការគម្លាតសុវត្ថិភាព»៕ 


Khcct banner

អត្ថបទទាក់ទង