Yearendyearend1140x150

អាជ្ញាធរខេត្តព្រះសីហនុសម្រេចផ្អាក«ការលក់ដូរក្នុងផ្សារលើ»រយៈពេល២សប្ដាហ៍

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ យោងតាមរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា អាជ្ញាធរ សម្រេចផ្អាកការលក់ដូរនៅ«ផ្សារលើ» ក្រុងព្រះសីហនុ រយៈពេល ១៤ថ្ងៃ ចាប់ពីរសៀលម៉ោង៣ និង០០នាទី ថ្ងៃទី១៦ ខែមេសា រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩ នៅក្នុងសហគមន៍ លើកលែងចំពោះអាជីវករលក់ដូរគ្រឿងឧបភោគ បរិភោគ អាចមកលក់វិញបាន «ត្រឹម០៣ថ្ងៃ ក្រោយការផ្អាក» និង«បន្ទាប់ពីមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ លើកទី១»ពីមន្ទីរសុខាភិបាលខេត្ត។

ការសម្រេចរបស់រដ្ឋបាល គឺធ្វើឡើងដោយសារ រកឃើញអាជីវករ«ផ្សារលើ» មានវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់មក ទើបអាជ្ញាធរនៃរដ្ឋបាលខេត្ត បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម លក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រុងព្រះសីហនុរយៈពេល១៤ថ្ងៃ លើកលែងចំពោះបងប្អូនអាជីវករជាអ្នកលក់ដូរគ្រឿងឧបភោគ បរិភោគ ដោយអាចមកលក់វិញបាន «ត្រឹម០៣ថ្ងៃក្រោយការផ្អាក» និង«បន្ទាប់ពីមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ លើកទី១»ពីមន្ទីរសុខាភិបាលខេត្ត។ ដូច្នេះប្រសិនបើអាជីវករណា ទៅយកវត្ថុសំណាកតេស្តរកកូវីដបានលឿននោះ បងប្អូននឹងឆាប់បានចូលមកលក់វិញកាន់តែឆាប់ បើសិនលទ្ធផលលើកទី១ អវិជ្ជមានកូវីដ។

សម្រាប់អាជីវករលក់ដូរនៅក្នុងផ្សារលើទាំងអស់ ត្រូវមានកាតព្វកិច្ចផ្តល់«វត្ថុសំណាក»ទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកវត្ថុសំណាកពីអាជីវករទាំងអស់ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅផ្សារលើ ក្រុងព្រះសីហនុ។ ក្នុងករណីបងប្អូនអាជីវករណាខកខានមិនបានទៅផ្តល់វត្ថុសំណាកតាមការកំណត់ខាងលើ ត្រូវទៅផ្តល់វត្ថុសំណាក នៅ«វេទិកា៧មករា» រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក)។ 

ដោយឡែកចំពោះបងប្អូនអាជីវករទូទៅ នឹងត្រូវបានអនុញ្ញាតឱ្យចូលលក់ដូរក្នុងផ្សារលើវិញ បន្ទាប់ពីការបិទផ្អាករយៈពេល១៤ថ្ងៃបានបញ្ចប់ និងត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ ពីមន្ទីរសុខាភិបាលខេត្តដូចគ្នា។ ជាមួយគ្នានេះ អាជីវករទាំងអស់ ព្រមទាំងក្រុមគ្រួសារត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

បន្ថែមពីនេះ អាជ្ញាធរ បានណែនាំសាធារណជនថា ក្នុងអំឡុងពេលអនុញ្ញាតឱ្យមានការលក់ដូរ សូមលើកទឹកចិត្តបងប្អូនអាជីវករ និងអតិថិជនទាំងអស់ ប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ មានដូចជា Mobile App និង QR Code ជាដើម ដើម្បីកាត់បន្ថយជាអតិប្បរមាក្នុងការប្រើប្រាស់លុយសុទ្ធ ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ និងត្រូវអនុវត្តឱ្យបានដាច់ខាតកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ ដូច្នេះ ក្រុមអាជីវករ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តតាមសេចក្តីសម្រេចនេះ ដើម្បីឱ្យការខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទទួលបានជោគជ័យសម្រាប់យើងទាំងអស់គ្នា៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង