Yearendyearend1140x150

អាជ្ញាធររាជធានីភ្នំពេញទុកពេល«៣ថ្ងៃ»ឱ្យអ្នកជំងឺកូវីដ១០នាក់មកបង្ហាញខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបតំណាង

ភ្នំពេញ៖ សេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នេះ ប្រកាសរក«អ្នកជំងឺកូវីដទាំង១០នាក់» ដែលជាករណីឆ្លងក្នុងសហគមន៍នៅថ្ងៃទី១១ និង១២ ខែមេសា ឆ្នាំ២០២១ ដែលបានបាត់ខ្លួន ហើយអាជ្ញាធរ កំណត់ទុកពេល០៣ថ្ងៃ«ជាកំហិត» គិតចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ តទៅ ដើម្បីមកទទួលការព្យាបាលជំងឺកូវីដ-១៩។

កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងប្រកាសរក«អ្នកជំងឺកូវីដ១២នាក់» ដែលជាករណីឆ្លងក្នុងសហគមន៍ នៅថ្ងៃទី១១ និង១២ ខែមេសា ឆ្នាំ២០២១ ហើយមកដល់ពេលនេះ មានតែអ្នកជំងឺចំនួន ០២នាក់តែប៉ុណ្ណោះ ដែលបានសហការមកបង្ហាញខ្លួនដើម្បីទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ នៅសល់អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១០នាក់ផ្សេងទៀត ដែលបានបញ្ជាក់ខាងលើ ដែលអាជ្ញាធរ បន្តប្រកាសរកអ្នកទាំង ១០នាក់បន្តទៀត ដែលមិនទាន់មកបង្ហាញខ្លួននៅឡើយ។

ជាថ្មីម្ដងទៀត រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់សាមីខ្លួន សាច់ញាតិ ឬអ្នកដែលស្គាល់អ្នកជំងឺខាងលើ សូមប្រញាប់បង្ហាញខ្លួនក្នុងរយៈពេល០៣ថ្ងៃ«ជាកំហិត» គិតចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ តទៅ ដើម្បីមកទទួលយកការព្យាបាល ដោយសូមទំនាក់ទំនងមកកាន់លេខ ១២៩៩ ឬ ១១៥។

«ក្នុងករណីសាមីជនមិនបានមកបង្ហាញខ្លួនតាមការកំណត់ខាងលើ» រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការ តាមផ្លូវច្បាប់ដោយកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ ព្រោះសកម្មភាពនេះ៖ គឺជាអំពើ«គេចវេនពីការតម្រូវឱ្យទទួលការព្យាបាល» ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ប្រាំលានរៀល ទៅ ម្ភៃលានរៀល ហើយផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ កាល«បើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ» អនុលោមតាមមាត្រា៨ នៃច្បាប់ស្តីពី«វិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេង»ទៀត។

ផ្ទុយទៅវិញ បើអ្នកជំងឺកូវីដ-១៩ ទាំង ១០នាក់ខាងលើ «បានមកបង្ហាញខ្លួនតាមការកំណត់ខាងលើទាន់ពេលវេលា» រដ្ឋបាលរាជធានីភ្នំពេញ «នឹងផ្តល់ការលើកលែងឱ្យរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌ» អនុលោមតាមមាត្រា១៣នៃ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត។

សូមបញ្ជាក់ថា យោងតាមទិន្នន័យបញ្ជីឈ្មោះរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីឈ្មោះរបស់អ្នកជំងឺកូវីដ-១៩ទាំង ១០នាក់ រួមមាន៖

១. សឹង សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ ជា«អាជីវករផ្សារអូរឬស្សី» លក់គ្រឿងកាឡៃ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៩ ផ្លូវលេខ ១៦៦ សង្កាត់អូរឬស្សី៣ ខណ្ឌមករា រាជធានីភ្នំពេញ។

២. យូ សារី ភេទស្រី អាយុ ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៣. វ៉ន ចិត្រ ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៤. ខែ ស្រីខន ភេទស្រី អាយុ ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៥. យិន សារិត ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែលើ ខណ្ឌ

មានជ័យ រាជធានីភ្នំពេញ។

៦. តុប មឿន ភេទប្រុស អាយុ ៤៨ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង

ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៧ ជឿត សុជា ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួល ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៨. ជុន ចាន់ដារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៩. ជន់ សុខាវត្តី ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្នសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

១០. រឿន វីរៈ ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាម ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង ៣កុំ» និងសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាអ្នកជំងឺ និងក្រុមគ្រួសាររបស់បុគ្គលដែលបាត់ខ្លួនទាំង ១០នាក់ខាងលើ នឹងចូលរួមអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ ពិន័យ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង