Cct850x100 1
1800px x h300px kh

ក្រសួងសុខាភិបាលប្រកាសផ្លូវការពី«ពលរដ្ឋខ្មែរ៣នាក់ទទួលមរណភាពដោយសារកូវីដ-១៩»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ កម្ពុជាបានរកឃើញករណីស្លាប់ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី១២ មេសា ឆ្នាំ២០២១ លើជនជាតិខ្មែរចំនួន ០៣នាក់គឺ ស្រ្តីអាយុ ៧៩ឆ្នាំ ,  ស្រ្តីអាយុ ៥៩ឆ្នាំ និងបុរសអាយុ ៥៧ឆ្នាំ  ជាករណីស្លាប់ទី ៣១, ទី៣២ និងទី៣៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជានាព្រឹកថ្ងៃទី១៣ មេសានេះ។

យោងតាមរបាយការណ៍របស់«មន្ទីរពេទ្យហ្លួងម៉ែ» បានឱ្យដឹងថា បុគ្គលស្លាប់ទី១ គឺស្រ្តីជនជាតិខ្មែរ អាយុ ៧៩ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ និងបានចូលសម្រាកមន្ទីរពេទ្យនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ល្ងាចម៉ោង៤ និង០៤នាទី។ ក្រោយមក ដោយស្ថានភាពជំងឺមានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ ក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ រសៀលម៉ោង១ និង០០នាទី។ 

ដោយយោងតាមរបាយការណ៍«មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត» បានឱ្យដឹងថា បុគ្គលស្លាប់ទី២ ជាស្រ្តីជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ មានអាសយដ្ឋាន រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ យប់ម៉ោង៩ និង០០នាទី ជាមួយនឹងស្ថានភាពហត់ដង្ហក់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យព្យាបាលសង្គ្រោះបន្ទាន់ ដោយប្រើម៉ាស៊ីនជំនួយដង្ហើម និងយកសំណាកទៅវិភាគជាលទ្ធផលបង្ហាញថាមានវិជ្ជមានកូវីដ-១៩។ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺ មានការវិវត្តកាន់តែធ្ងន់ធ្ងរឡើងៗ ក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស នៅតែមិនអាចជួយសង្គ្រោះបាន ហើយបានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ យប់ម៉ោង១២:៣០នាទីរំលងអាធ្រាត។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្រ្តីជនជាតិខ្មែរទាំងពីរនាក់ខាងលើបានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩។ 

ដោយឡែក យោងតាមរបាយការណ៍ «មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត» បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចូលមកមន្ទីរពេទ្យនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៦:៤០នាទីព្រឹក ជាមួយនឹងស្ថានភាពស្លាប់បាត់បង់ជីវិតរួចទៅហើយ មុនពេលចូលដល់មន្ទីរពេទ្យ ដោយជាករណីសង្ស័យសពត្រូវបានយកសំណាកធ្វើវិភាគ ជាលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩។ ក្រុមគ្រូពេទ្យសន្និដ្ឋានថា អ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ-១៩ មុនពេលចូលដល់មន្ទីរពេទ្យ។ 

ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ ក៏ដូចជាសាធារណជន សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព។ គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤៦៩៦នាក់ ជាសះស្បើយចំនួន ២២៥២ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៤០៦នាក់ ហើយករណីស្លាប់ ៣៣នាក់៕



ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង