Yearendyearend1140x150

សិស្សភាគច្រើន«ប្រឡងឌីប្លូម»ទាំងភ័យខ្លាច ខណៈកូវីដ១៩វិលមកកម្ពុជាជាថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ការប្រឡងឌីប្លូមមានរយៈពេល២ថ្ងៃ ដោយចាប់ផ្តើមតាំងពីថ្ងៃទី ៣០ វិច្ឆិកា ២០២០ ប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ ។ប៉ុន្តែការប្រឡងនៅឆ្នាំនេះ ធ្វើឡើងក្នុងពេលដែលកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ-១៩ នាំឱ្យសិស្សមួយចំនួន«ប្រឡងឌីប្លូម»ទាំងភ័យខ្លាច។

យុវតី លី រក្សា ជាសិស្សថ្នាក់ទី៩នៃវិទ្យាល័យបាក់ទូក បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅព្រឹកនេះ លី រក្សា មានអារម្មណ៍ភ័យខ្លាចចំពោះការឆ្លងនូវជំងឺកូវីដ១៩ ក្នុងអំឡុងពេលកំពុងប្រឡងនាព្រឹកនេះ។ យុវតីរូបនេះ បន្តថា ទោះបីជាមានអារម្មណ៍ភ័យខ្លាចជំងឺកូវីដ១៩ក៏ពិតមែន ប៉ុន្តែយុវតីរក្សា នៅតែមកប្រឡងឌីប្លូមនៅថ្ងៃនេះ ដោយបានអនុវត្តអនាម័យ និងគោលការណ៍ការពារខ្លួនទប់ស្កាត់នឹងការឆ្លងនូវជំងឺកូវីដ១៩។

យុវជន ម៉ែន សុខវិច្ឆិកា ជាសិស្សថ្នាក់ទី៩នៃវិទ្យាល័យបាក់ទូកបានលើកឡើងថា ចំពោះការប្រឡងឌីប្លូមនៅព្រឹកនេះ សុខវិច្ឆិកាមានអារម្មណ៍ថាភ័យខ្លាចនឹងជំងឺកូវីដ១៩ ព្រោបច្ចុប្បន្ននេះជំងឺកូវីដបានផ្ទុះឡើងវិញ។ ទោះបីជាយ៉ាងនេះក្តី យុវជនរូបនេះបានបន្តថា រូបគេជឿជាក់ថាការប្រឡងឌីប្លូកនៅថ្ងៃនេះ នឹងមិនមានករណីចម្លងកូវីដ១៩ទេ ដោយសង្គេតឃើញថាគ្រប់មណ្ឌលប្រឡងនីមួយៗបានអនុវត្តនូវអនាម័យ និងគោលការណ៍របស់ក្រសួងសុខាភិបាលដែលបានចែងដើម្បីទប់ស្កាត់នឹងចម្លងនូវជំងឺនេះ។

យុវតី ម៉ូង ម៉ារីណែត ជាសិស្សថ្នាក់ទី៩នៃវិទ្យាល័យបាក់ទូកបានលើកឡើងថា ការប្រឡងឌីប្លូមនៅព្រឹកនេះ ម៉ារីណែក៏មិនខុសគ្នានឹងសិស្សដទៃទៀតដែរ ពោលគឺ យុវតីរូបនេះមានការព្រួយបារម្ភខ្លាចឆ្លងកូវីដ១៩ដោយប្រការណាមួយ។ ម៉ារីណែត បានបន្តថា «ចំពោះប៉ាម៉ាក់របស់ខ្ញុំ ពួកគាត់រឹតតែមានការព្រួយបារម្ភចំពោះខ្ញុំទាំងការប្រឡងឌីប្លូម និងភ័យខ្លាចចំពោះឆ្លងកូវីដ១៩។ ប៉ាម៉ាក់តែតែងរម្លឹកខ្ញុំពីការថែរក្សាអនាម័យជាប្រចាំ ព្រមទាំងគោរពតាមគោលការណ៍របស់ក្រសួងដោយ រក្សាគម្លាតសុវត្ថិភាព ការសម្អាតដៃ ការពាក់ម៉ាស និងការរក្សាអនាម័យផ្សេងៗទៀត។»

ទន្ទឹមនឹងនេះ យុវតី ជុំ ជូលីណា សិស្សថ្នាក់ទី៩នៃវិទ្យាល័យបាក់ទូកបានសម្តែងនូវការភ័យខ្លាចចំពោះការប្រឡងឌីប្លូមនេះ ស្របពេលដែលកម្ពុជាកំពុងផ្ទុះឡើងវិញនូវជំងឺកូវីដ១៩នេះសាជាថ្មី។ យុវតីរូបនេះ បានលើកឡើងថា ការប្រឡងនៅព្រឹកនេះរូបគេមានអារម្មណ៍ភ័យខ្លាចឆ្លងកូវីដដែរ ព្រោះការប្រឡងមួយនេះមានសិស្សជាច្រើនមកប្រឡង ដោយមិនដឹងថាសិស្សទាំងនោះមានជាប់ទាក់ទងនឹងអ្នកជំងឺកូវីដឬក៏អត់។ ដូច្នេះ យុវតី ជុំ ជូលីណា ទៅប្រឡងនៅថ្ងៃនេះទាំងអារម្មណ៍ភ័យខ្លាចនៅឡើយ។ តែទោះជាយ៉ាងក្តី ជូលីណា នៅតែមិនភ្លេចខ្លួនក្នុងការការពារនិងការធ្វើអនាម័យដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅឆ្នាំនេះ បេក្ខជនប្រឡងមាន សរុបចំនួន១៥៨៧១៧នាក់ ស្រី៨៥១៣១នាក់ និងមានមណ្ឌលប្រឡង ចំនួន១៧២៩ ចែកជា៧១៤១បន្ទប់ ដោយមានការថយចុះជាងឆ្នាំមុន។ ទន្ទឹមនឹងនេះ ក្រសួងអប់រំក៏បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ នៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង