Yearendyearend1140x150

ធនាគារជាតិគំាទ្រប្រើ«ប្រាក់រៀលនិងប្រាក់យ៉ន់»ក្នុងការទូទាត់លើពាណិជ្ជកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
កិច្ចប្រជុំអំពីការជំរុញទូទាត់រូបីយប័ណ្ណជាប្រាក់រៀល និង ប្រាក់យ៉ន់របស់ចិន។

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជា បើកកិច្ចប្រជុំអំពីការជំរុញទូទាត់រូបីយប័ណ្ណជាប្រាក់រៀល និង ប្រាក់យ៉ន់របស់ចិនលើការទូទាត់ចំពោះពាណិជ្ជកម្មទ្វេភាគីក្នុងវិស័យស្រូវអង្ករ។ ជាលទ្ធផល ធនាគារជាតិនៃកម្ពុជាទទួលយកសំណូមពរពីសហព័ន្ធស្រូវអង្ករកម្ពុជា ហើយគាំទ្រចំពោះគម្រោងនេះ។

ធនាគារជាតិនៃកម្ពុជា បានសម្តែងការគាំទ្រចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា លើការជំរុញការទូទាត់ពាណិជ្ជកម្មក្រៅប្រទេសជាមួយប្រទេសចិន ជាប្រាក់យ៉ន់តបតាមការស្នើពីធនាគារកណ្តាលរបស់ប្រទេសចិន (Central Bank of China) ដើម្បីសម្រួលដល់ប្រតិបត្តិការ និង ចំណេញដល់សេដ្ឋកិច្ច។ ការប្រកាសគាំទ្រនេះធ្វើឡើងក្នុង "កិច្ចប្រជុំអំពីការជំរុញទូទាត់រូបីយប័ណ្ណជាប្រាក់រៀល និង ប្រាក់យ៉ន់របស់ចិនលើការទូទាត់ចំពោះពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន"។

សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រកាសគាំទ្រពេញទំហឹង លើគំនិតផ្តួចផ្តើមនេះ ក្នុងការសម្រួលការទូទាត់ពាណិជ្ជកម្មអង្ករក្រៅប្រទេស ពោលគឺជាមួយនឹងប្រទេសចិន ដែលជាជំហានដំបូងរបស់ធនាគារជាតិនៃកម្ពុជា គឺផ្តោតលើវិស័យកសិកម្មដែលជាពិសេសគឺវិស័យស្រូវអង្ករ។

លោកឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានមានប្រសាសន៍ថា ការធ្វើពាណិជ្ជកម្មអង្ករជាមួយនឹងប្រទេសចិនដែលមានស្រាប់ ជាក់ស្តែងរយៈពេល៥ខែនៃដើមឆ្នាំ២០២០នេះ កម្ពុជាបានធ្វើពាណិជ្ជកម្មអង្ករ នាំចេញទៅប្រទេសចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណជាជាង ៧១លានដុល្លារអាមេរិក ដែលជាកំណើនមួយគួរឱ្យកត់សម្គាល់។

បើតាមលោកឧកញ៉ា ចាន់ សុឃាំង ការជំរុញការទូទាត់ជាប្រាក់យ៉ន់ចិនដោយផ្ទាល់នេះនឹងជួយសម្រួលដល់ដំណើរការ ក៏ដូចជាផ្តល់នូវភាពចំណេញ និងងាយស្រួលដល់ពាណិជ្ជករកម្ពុជានិងចិន និងអាចជួយពង្រីកទីផ្សារអង្ករកម្ពុជាទៅប្រទេសចិនបន្ថែមទៀតផងដែរ។ ចំពោះការជំរុញការទូទាត់ជាប្រាក់រៀល គឺជាយន្តការបន្ទាប់សម្រាប់ទូទាត់ការទិញលក់ស្រូវអង្ករក្នុងស្រុក ជាពិសេសជាមួយកសិករ។

តំណាងសហព័ន្ធស្រូវអង្កបានស្នើឱ្យមានការចុះអនុស្សរណៈយោគយល់គ្នា (MoU) ឬព្រឹត្តិការណ៍ប្រកាសនៃការចាប់ផ្តើមទូទាត់ប្រាក់យ៉ន់ ដោយចាប់ផ្តើមពីពាណិជ្ជកម្មអង្ករមុនគេ ដែលអាចអញ្ជើញធនាគារកណ្តាលទាំងពីរ (កម្ពុជា និងចិន) និងធនាគារពាណិជ្ជដែលជាអ្នកអនុវត្តចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយស្នើឱ្យធនាគារជាតិនៃកម្ពុជា ជួយសម្របសម្រួលលើអត្រាប្តូរប្រាក់ (Exchange Rate) ដែលជាការព្យាករណ៍ (forecast fixed exchange rate) រវាងប្រាក់រៀលកម្ពុជា និង ប្រាក់យ៉ន់របស់ចិនឱ្យបានមុនមួយខែម្តង ព្រោះនេះជាឧបសគ្គធំមួយក្នុងការធ្វើពាណិជ្ជកម្មក្រៅប្រទេស បើសិនយើងចង់ឱ្យមានការចរាចរ និងទូទាត់ជាប្រាក់យ៉ន់ចិន។

ជាការឆ្លើយតបធនាគារជាតិកម្ពុជាបានបង្ហាញថា ប្រហែលនឹងអាចមានពិធីនៅពេលដែលកម្ពុជារៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុប ខាងមុខដែលអាចមានការចូលរួមដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ។ ធនាគារជាតិនៃកម្ពុជាទទួលយកសំណូមពរ ហើយនឹងយកទៅពិភាក្សាបន្ត ដើម្បីអាចធ្វើយ៉ាងណាឱ្យយន្តការជំរុញការទូទាត់ពាណិជ្ជកម្មជាមួយនឹងប្រទេសចិន ជាប្រាក់យ៉ន់ នៅដំណាក់កាលដំបូងនេះ ដើម្បីអាចចេញជាផ្លែផ្កានាពេលខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង