ភ្នំពេញ៖ សម្ដេច ហ៊ុន សែន គ្រោងនឹងជួបសំណេះសំណាលសំណាលជាមួយសិស្សនិទ្ទេស A នៅទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ។នេះបើតាមការប្រកាសរបស់សម្តេច ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣.៥៦គីឡូម៉ែត្រ នៅស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។
សម្ដេចហ៊ុន សែន នឹងជួបសំណេះសំណាលសំណាលជាមួយសិស្សនិទ្ទេស A ចំនួន១៧៥៣នាក់ និងអាណាព្យាបាលរបស់ពួកគេ នៅថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ។ ក្នុងការជួបសំណេះសំណាលនេះ សម្ដេច ហ៊ុន សែន សុំឲ្យអាជ្ញាធរខេត្ត ដែលមានសិស្សនិទ្ទេស A ទាំងអស់សម្រួលដល់ការធ្វើដំណើរ និងការសម្រាកជូនដល់ពួកគេ និងក្រុមគ្រួសារផងដែរ។
សម្ដេច ហ៊ុន សែនបានថ្លែងថា សម្តេចបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងអប់រំថាគ្រោងនឹងជួបសិស្សនិទ្ទេស A មកពីភ្នំពេញនឹងខេត្តកណ្ដាលតែប៉ុណ្ណោះនៅក្នុងរាជធានីភ្នំពេញ ដោយសិស្សមកពីបណ្ដាខេត្តផ្សេងៗទៀត ត្រូវធ្វើតាមអនឡាញ។ ប៉ុន្ដែដោយសិស្សានុសិស្ស និងអាណាព្យាបាលរបស់ពួកគេចង់ទៅទីក្រុងភ្នំពេញ ទើបសម្ដេចសម្រេចជួបសិស្សនិទ្ទេស A និងអាណាព្យាបាលរបស់ពួកគេនៅទីក្រុងភ្នំពេញ បើទោះជាមេរោគអូមីក្រុងនៅភ្នំពេញ បានកើនឡើងក៏ដោយ៕