ភ្នំពេញ៖ ពលករខ្មែរម្នាក់ អាចប្រឈមនឹងការនិរទេសចេញពីកូរ៉េ ក្រោយរកឃើញថារូបគេល្មើសវិធានការចត្តាឡីស័ករបស់រដ្ឋាភិបាលនៃប្រទេសកូរ៉េ ដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ កាលពីថ្ងៃទី ២៨ មេសា ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានខ្មែរនៅកូរ៉េ។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យអ្នកដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែក អាជ្ញាធរកូរ៉េបានរកឃើញថាពលករខ្មែរមួយរូប ជាពលករឧស្សាហកម្មនៅតំបន់អ៊ូលសាន ដែលទើបនឹងត្រឡប់មកពីខ្មែរវិញ កាលពីថ្ងៃទី២៣ មេសា បានប្រព្រឹត្តល្មើសនឹងវិធានការដាក់ឱ្យនៅដាច់ដោយឡែកនេះ ដោយបានលួចចេញពីទីតាំងចត្តាឡីស័ករបស់ខ្លួន និងបិទទូរសព្ទពីម៉ោង ១២ រហូតដល់ម៉ោង ៤:៣០នាទីល្ងាចថ្ងៃទី ២៨ មេសា។
បើតាមការចុះផ្សាយរបស់សារព័ត៌មានដដែលបានបញ្ជាក់ថា ពលករខ្មែររូបនេះ អាចប្រឈមនឹងការធ្វើនិរទេសចេញពីប្រទេសកូរ៉េ នាពេលឆាប់ៗខាងមុខ ដោយសារតែល្មើសនឹងវិធានការដែលអាជ្ញាធរកូរ៉េបានដាក់ចេញ។ ប្រសិនបើអាជ្ញាធរកូរ៉េរកឃើញអ្នកដែលបំពានគោលការណ៍នៅដាច់ដោយឡែកនោះ ជាជនជាតិកូរ៉េ នឹងត្រូវពិន័យក្រោម១០លានវ៉ុន ឬជាប់គុគក្រោម១ឆ្នាំ រីឯជនបរទេស នឹងត្រូវធ្វើការនិរទេសចេញពីប្រទេសកូរ៉េ។