Cctimesw1140xh150cm copy

យុវជន តុន ច័ន្ទរិទ្ធិពីក្មេងកំព្រាឪពុកក្លាយជាអ្នកនិពន្ធអប់រំការ«លើកទឹកចិត្ត»

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/


លោកតុន ច័ន្ទរិទ្ធិ

ភ្នំពេញ៖ យុវជន តុន ច័ន្ទរិទ្ធិ អ្នកនិពន្ធវ័យ ២៤ឆ្នាំជាស្ថានិកនៃសៀវភៅចំណងជើង៖ « អ្នកពិតជាពិសេស តោះ! ទៅមុខទៀត » និង « និទានម៉ែ » ។ សព្វថ្ងៃលោកធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលមួយ និង ជាអ្នកនិពន្ធសៀវភៅម្នាក់ដែលបាននិពន្ធសៀវភៅពាក់ព័ន្ធនឹងការជំរុញលើកទឹកចិត្ត ។ ច័ន្ទរិទ្ធិ ជាយុវជនកំព្រាឪពុកតាំងតែពីតូច ហើយរស់នៅជាមួយអ្នកម្តាយ។ តែយ៉ាងណា យុវជន ច័ន្ទរិទ្ធិ នៅតែពេញចិត្តនូវដំណើរជីវិតកំព្រាឪពុកនេះ បង្រៀនឱ្យចេះតស៊ូនឹងឧបសគ្គនានា និងតាំងចិត្តរឹងមាំ សិក្សារៀនសូត្រដើម្បីអនាគតខ្លួន ហើយការនិពន្ធសរសរសៀវភៅ វាកើតចេញពីចិត្តស្រលាញ់ និងមាននិស្ស័យខាងវិស័យនិពន្ធ ដើម្បីផ្ដល់ដល់មិត្តអ្នកអានគ្រប់ៗរូបបានអាន តាមរយៈការតែងនិពន្ធរបស់លោក។ ទាំងនេះសបញ្ជាក់ថា លោក តុន ច័ន្ទរិទ្ធិ  ដែលជាមោទនភាពរបស់មនុស្សស្រីម្នាក់គឺ«ម៉ែ»បានបង្រៀនលោកឱ្យចេះរឹងមាំ តស៊ូ ព្យាយាម​ សិក្សារៀនសូត្រ ដើម្បីក្រេបយកចំណេះដឹង ដើម្បីដើរឆ្ពោះលើផ្លូវនៃគោលដៅរបស់ខ្លួនរហូតមក។ 

ស្នាដៃនិពន្ធសៀវភៅទាំងពិររបស់ តុន ច័ន្ទរិទ្ធិ

ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍លោក តុន ច័ន្ទរិទ្ធិ និយាយថា « ខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំធ្វើកន្លងមក វាពិតជាមានន័យសម្រាប់ជីវិតមួយនេះ។ ដំណើរជីវិតរបស់ខ្ញុំ មានទាំងស្ថានភាពល្អប្រសើរ និងលំបាកក៏មាន ដោយបានឆ្លងកាត់នូវឧបសគ្គដែលខ្ញុំមិននឹកស្មានមិនដល់ រហូតសៀវភៅខ្ញុំបានទៅដល់មិត្តអ្នកអាន។ ទោះបីវាជាផ្នែកតូចមួយ តែខ្ញុំពិតជាពេញចិត្តណាស់ នេះជាក្ដីបំណងរបស់ខ្ញុំបានឆ្លងកាត់បានមួយដំណាក់កាលហើយ»។

លោក តុន ច័ន្ទរិទ្ធិ ថ្ងៃទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ 

នៅចុងឆ្នាំ២០១៣ ច័ន្ទរិទ្ធិបានបញ្ចប់ថ្នាក់ទី១២ ហើយដំណើរជីវិតលោក មានលក្ខណៈពិបាក ស្មុគស្មាញ ក្នុងការជ្រើសរើសមុខជំនាញសិក្សានៅថ្នាក់សាកលវិទ្យាល័យ តែទោះបីជាម្ដាយចង់ឱ្យលោករៀនខាងជំនាញពេទ្យក៏ដោយ លោកបានខិតខំអះអាង និងពន្យល់ពីទស្សនវិស័យ ការបេជ្ញាចិត្តជាមួយនឹងទំនួលខុសត្រូវនៃការសម្រេចចិត្តរបស់លោកចំពោះម្ដាយ អំពីបំណងប្រាថ្នាចង់ក្លាយជាអ្នកសរសេរអត្ថបទម្នាក់ ដូចជាអ្នកនិពន្ធសព្វថ្ងៃអញ្ចឹងដែរ។

ទន្ទឹមនឹងនេះដែរ លោក ច័ន្ទរិទ្ធិ ប្រាប់ថា « អ្វីដែលជាកម្លាំងជម្រុញឱ្យចង់ក្លាយជាអ្នកនិពន្ធសៀវភៅ គឺដោយសារចិត្តស្រលាញ់ និងទេពកោសល្យជាមួយការខិតខំប្រឹងប្រែងរបស់លោក។ កាលនៅតូច ខ្ញុំបាទចូលចិត្តអានសៀវភៅ អាចនិយាយបានថា ខ្ញុំរៀនបានច្រើនយ៉ាងខ្លាំងពីសៀវភៅ ជាប្រភេទសៀវភៅនិទានកុមារ សៀវភៅចំណេះដឹងផ្សេងៗ រហូតដល់ពេលរៀនដល់ថ្នាក់ធំ ខ្ញុំក៏មានក្ដីស្រមៃថា បើសិនខ្ញុំមានស្នាដៃសៀវភៅទុកសម្រាប់លើកទឹកចិត្តដល់អ្នកផ្សេងទៀត និងជាផ្នែកមួយនៃការជួយបណ្ដុះស្មារតីយុវជនៗក្នុងសង្គម នោះខ្ញុំនឹងសប្បាយចិត្តហើយ»។

មានស្រុកកំណើតក្នុងខេត្តបាត់ដំបង អ្នកនិពន្ធរូបនេះបានន្ថែម៖ « សៀវភៅដែលលោកបានបោះពុម្ពចេញមក គឺមានពីរចំណងជើង។ ខ្ញុំពិតជាសប្បាយចិត្ត និងពេញចិត្តខ្លាំងមែនទែននូវស្នាដៃទាំងនេះ ព្រោះថា វាជាក្ដីស្រមៃដែលចង់ឱ្យសៀវភៅដែលខ្ញុំបានសរសេរបានចែករំលែកទៅដល់បងប្អូនមិត្តអ្នកអាន តែទោះបីជាបានទៅដល់មិត្តអ្នកអានចំនួនតិច ឬច្រើនក្ដី ក៏ខ្ញុំបាទពេញចិត្តដែរ»។

ថ្ងៃធ្វើបទបង្ហាញសិក្ខាសាលានៅតាមខេត្តក្នុងកម្មវិធីក្លាហាន9

«ខណៈពេលមិត្តអ្នកអានបានទទួលនូវអ្វីដែលខ្ញុំចង់ចែករំលែក ហើយពួកគាត់បានផ្ដល់ជាមតិយោបល់ត្រលប់មកវិញថា ពួកគាត់ចូលចិត្តខ្លឹមសាររបស់សៀវភៅខ្ញុំបាទ ពួកគាត់បានចែករំលែកសៀវភៅនេះទៅដល់អ្នកផ្សេងៗតទៅទៀត។ នេះហើយជាកម្លាំងជម្រុញទឹកចិត្តរបស់ខ្ញុំបាទ ហើយខ្ញុំនឹងព្យាយាមស្វែងរកនូវអ្វីដែលល្អៗ មានអត្ថប្រយោជន៍ ដើម្បីក្លាយជាផ្នែកតូចមួយក៏ដោយក្នុងការជួយអភិវឌ្ឍយុវជន និងសង្គមតាមរយៈអត្ថបទសរសេរទាំងនេះ»។

សម្រាប់លោកផ្ទាល់ មុននឹងក្លាយជាអ្នកនិពន្ធសៀវភៅម្នាក់ វាទាមទារនូវចិត្តស្រលាញ់ ចំណង់ចំណូលចិត្ត និងដុងពីកំណើត ព្រមទាំងមានទុនជាមូលដ្ឋាន ទាំងចំណេះដឹង ជំនាញ ភាពអត់ធ្មត់ តស៊ូ និងការតាំងចិត្ត ព្យាយាមមិនបោះបង់ បន្តការធ្វើហើយធ្វើទៀត រួមទាំងទំនួលខុសត្រូវខ្ពស់។ ចំពោះស្នាដៃដំបូងរបស់លោក គឺទទួលបានទាំងពាក្យសរសើរ និងពាក្យអវិជ្ជមានមួយចំនួនតូចផងដែរ បន្ទាប់ពីបានឆ្លងកាត់ដំណើរការនៃការស្នើរសុំតាមលក្ខខណ្ឌច្បាប់ក្នុងបោះពុម្ពផ្សាយ ហើយក៏បានត្រៀមខ្លួនក្នុងការបដិសេដពីសំណាក់គ្រឹះស្ថានបោះពុម្ពធំៗមួយចំនួន តែមិនថ្វីទេព្រោះ វាជាការចាប់ផ្ដើមដ៏មានអត្ថន័យនៃគ្រប់ទំព័រដែលលោកបានដាក់ចិត្តដាក់កាយក្នុងការប្រស់ឱ្យសៀវភៅចេញជារូបរាងតាមក្ដីស្រមៃធ្លាប់ប៉ងនោះ។


រហូតដល់ពេលនេះ លោកបានជួបប្រទះរឿងជាច្រើនដ៏មានតម្លៃ និងអត្ថន័យបំផុតក្នុងជីវិតរបស់លោកផ្ទាល់។ លោកពិតជាសប្បាយចិត្ត និងពេញចិត្តចំពោះបញ្ហានានា ហើយបានឆ្លងផុតពីវាបាន។ នេះបានសេចក្ដីថា លោកជាមនុស្សរឹងមាំដែលអាចយកឈ្នះបញ្ហាដែលលោកបានជួបប្រទះ ហេតុនេះ លោកចង់បន្ដនិពន្ធអត្ថបទបន្ថែម ដែលជាផ្នែកមួយក្នុងការបណ្ដុះ លើកទឹកចិត្តទាំងស្មារតី ទាំងចំណេះដឹងយុវជនខ្មែរនានា ឱ្យរឹងមាំនឹងបញ្ហា និងហ៊ានធ្វើអ្វីដែលខ្លួនស្រលាញ់ហើយធ្វើឱ្យវាចេញរូបរាងឡើងដោយទឹកចិត្តតស៊ូអត់ធន់នឹងបញ្ហាដែលមានចំពោះមុខ។


លោកបន្តថា «ខ្ញុំសប្បាយចិត្តនៅពេលអ្នកអានសប្បាយចិត្ត និងទទួលបាននូវអ្វីដែលមានប្រយោជន៍សម្រាប់ពួកគាត់បន្ទាប់ពីបានអាន ហើយពួកគាត់ទទួលយកនូវស្នាដៃរបស់ខ្ញុំ ហើយបានប្រាប់ត្រលប់មកវិញថា ពួកគាត់ពេញចិត្ត ទាំងអស់នេះហើយគឺធ្វើឱ្យខ្ញុំ ក្នុងនាមជាអ្នកសរសេរអត្ថបទនិពន្ធមួយរូប មិនចង់បាននូវភាពល្បីល្បាញឡើយ ឱ្យបានចែករំលែកពាក្យពេចន៍របស់ខ្ញុំទៅដល់មិត្តអ្នកអានមួយចំនួនដែលមានសៀវភៅខ្ញុំក្នុងដៃ ហើយផ្ដល់កម្លាំងចិត្តឱ្យខ្ញុំនឹងបន្តប្រឹងប្រែងសាងសមិទ្ធិផលដ៏មានប្រយោជន៍សម្រាប់សង្គមជាតិទៅមុខទៀត »។

លោកតុន ច័ន្ទរិទ្ធិ អ្នកនិពន្ធអប់រំ«លើកទឹកចិត្ត»

យ៉ាងណាក្ដី លោកសូមអរគុណដល់អ្នកម៉ែតែមួយរបស់លោកដែលបានផ្ដល់ឱកាសការសិក្សា ថែរក្សាលោកដោយតាំងជាមេគ្រួសារ តាំងពីលោកនៅតូចរហូតដល់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តខ្មែរ ក្នុងឆ្នាំ២០១៧ ហើយក៏បានពិសោធនូវក្ដីបំណងប្រាថ្នា។ នៅពេលខាងមុខ លោកមានបំណងបង្កើតបណ្ណាល័យសម្រាប់លើកស្ទួយដល់វិស័យការអានរបស់យុវជនដែលជាបន្តវេនពីក្រោយ នាថ្ងៃមុខ។

សៀវភៅ«អ្នកពិតជាពិសេស តោះ! ទៅមុខទៀត» ស្នាដៃទីមួយរបស់លោក តុន ច័ន្ទរិទ្ធិ
សៀវភៅ«និទានម៉ែ» ស្នាដៃទីពីររបស់លោក តុន ច័ន្ទរិទ្ធិ

សម្រាប់សារដល់យុវជនខ្មែរ និងសិស្សានុសិស្ស ចំពោះការអានសៀវភៅ លោកចង់លើកទឹកចិត្តរបស់អ្នកទាំងអស់ថា ការអាន ធ្វើឱ្យពួកគាត់បានទៅពិភពមួយថ្មី ហើយការអានពិតជាសំខាន់សម្រាប់យុវជន ការអានជួយច្រើន កាលណាប្រទេសជាតិសម្បូរទៅដោយយុវជនអានបានច្រើន នោះប្រទេសជាតិនោះមានការអភិវឌ្ឍល្អ ពួកគេជាកោសិការបស់ប្រទេសជាតិ ដូចនេះពួកគេគួរតែចូលរួមអានឱ្យបានគ្រប់ៗគ្នា និងបណ្ដុះស្មារតី និងឥរិយាបថ ទម្លាប់ចូលចិត្តអាន ដោយការអានជាម្នាក់ឯង ជាក្រុមមិត្តភក្ដិ ក្រុមគ្រួសារ ឬអង្គភាពទាំងមូល និងទូទាំងប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: អប់រំ អ្នកនិពន្ធ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង