Cctimesw1140xh150cm copy

បណ្ឌិត ហង់ ជួនណារ៉ុន៖ ឪពុកម្ដាយគួរអានសៀវភៅឱ្យកូនស្ដាប់មុនពេលចូលគេង

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ភ្នំពេញ៖ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ពីវិធីសាស្រ្តបណ្ដុះស្មារតីសិស្សក្នុងការអានឱ្យឆាប់ចេះ ចាំយល់។ឯកឧត្តមបណ្ឌិតថ្លែងថា ចំណេះដឹងនៃការអានសៀវភៅ ត្រូវទាមទារឱ្យមានការបណ្ដុះបណ្ដាលគ្រូនូវវិធីសាស្រ្តបង្រៀនអំណានដំបូងដូចជា ពង្រឹងចំណេះសិស្សនៅថ្នាក់បឋម។ជាមួយគ្នានេះ ឪពុកម្ដាយ ឬអាណាព្យាបាល គួរនាំកូនទៅបណ្ណាល័យដើម្បីអានសៀវភៅ និង អានសៀវភៅឱ្យកូនស្ដាប់មុនពេលចូលគេង។

“ចំណេះដឹងនៃការអានសៀវភៅ ត្រូវទាមទារឱ្យមានការបណ្ដុះបណ្ដាលគ្រូនូវវិធីសាស្រ្តបង្រៀនអំណានដំបូងដូចជា ពង្រឹងចំណេះសិស្សនៅថ្នាក់បឋម ដែលមាន ៧ ជំនាញឱ្យសិស្សស្គាល់តួអក្សរ សំលេង សូរឃ្លាឃ្លោងខ្លះទៀត ចេះសរសេរ និងអានប្រកប ប្រយោគខ្លីៗ ល្បះ និងអត្ថបទខ្លីៗ”។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមបណ្ឌិត បន្តថា ពេលគ្រូចេះបង្រៀននូវមូលដ្ឋានគ្រឹះនៃការអានដែលជាយានដ៏ចាំបាច់របស់សិស្សគ្រប់ៗគ្នា បន្ទាប់មកទៀតពួកគេត្រូវអានសៀវភៅជំនួយមួយទៀត ដើម្បីតម្រូវឱ្យសិស្សចេះអានទាំងសៀវភៅសិក្សាគោល និងសៀវភៅអានជំនួយដែលពាក់ព័ន្ធនឹងមេរៀនសិក្សាគោល មួយចំនួនទៀត និងធម្មតានៅកាលវិភាគតាមថ្នាក់រៀនមានម៉ោងបណ្ណាល័យ ចំនួន ១ ម៉ោងសិក្សា ក្នុង១ សប្ដាហ៍។

បើតាមឯកឧត្តមរដ្ឋមន្រ្តី ការអនុវត្តន៍ស្ដង់ដារនៃបណ្ណាល័យមានសៀវភៅតាមកម្រិតសិក្សា គឺតម្រូវឱ្យមានសៀវភៅដែលមានភាពទាក់ទាញដល់បណ្ដាអ្នកអាន អ្នកសិក្សា ស្រាវជ្រាវ។ ជាក់ស្ដែងប្រភេទសៀវភៅ អាចជារឿងព្រេងនិទាន ប្រលោមលោក រឿងអក្សរសិល្ប៍ ក្នុងនោះមានរូប មានពណ៌ មានទំហំអក្សរធំៗ ដែលងាយស្រួលសម្រាប់អានដល់សិស្សតូចៗ ថែមទាំងលំហាត់ស្រាវជ្រាវ ពាក់ព័ន្ធមេរៀនសិក្សាឱ្យបានគ្រប់មុខវិជ្ជានីមួយៗបានកាន់តែប្រសើរ ទាំងភាសាជាតិ និងអន្តរជាតិ ហើយត្រូវឱ្យប្រាកដថា ក្នុងបណ្ណាល័យមានសៀវភៅ វាសមាមាត្រទៅនឹងការសិក្សារបស់សិស្សតាមកម្រិតថ្នាក់នីមួយៗ គិតចាប់ពីថ្នាក់បឋមសិក្សា មធ្យមសិក្សា រហូតដល់សាកលវិទ្យាល័យដោយបែងចែកឱ្យបានត្រឹមត្រូវ។

ទន្ទឹមនឹងនេះការបង្រៀនឱ្យសិស្សចេះ និងចូលចិត្តអាន វាទាមទារឱ្យមានទម្លាប់អានពីក្មេង។ ឪពុកម្ដាយ ឬអាណាព្យាបាលគួរនាំកូនទៅបណ្ណាល័យដើម្បីអានសៀវភៅ ទៅបណ្ណាគារដើម្បីទិញសៀវភៅ ហើយបង្កើតជាកូនបណ្ណាល័យមួយក្នុងគ្រួសារផងដែរ ដោយធ្វើជាគំរូដល់កូន ចូលរួមអានជាមួយកូន អានសៀវភៅឱ្យកូនស្ដាប់មុនចូលគេង ។

ឯកឧត្តម ហង់ ជួនណារ៉ុន បានសង្កត់ធ្ងន់ថា ការបង្រៀននៅតាមសាលារៀននានាក៏ត្រូវបង្រៀនដល់សិស្សនូវវិធីសាស្រ្តការអានឱ្យឆាប់ចេះ ឆាប់ចាំ ឆាប់យល់ ប្រកបដោយប្រសិទ្ធិភាព។ ជាក់ស្ដែងនៅសាលាបឋមសិក្សា មធ្យមសិក្សា (អនុវិទ្យាល័យ-វិទ្យាល័យ) ពីមុនមានការអានតាមបែបរិះរក ហើយគោលការណ៍ថ្មីៗនេះ ក្រសួងកំពុងរិះរកនូវការបង្រៀនឱ្យសិស្សរៀនបែបស្រាវជ្រាវខ្លួនឯង ចេះវិនិច្ឆ័យខ្លួនឯង។ ទាំងអស់នេះហើយវាពឹងផ្អែកការអានឱ្យបានច្រើន និងវាទាមទារឱ្យសិស្សានុសិស្ស គ្រូបង្រៀន គ្រួសារ និងអ្នកពាក់ព័ន្ធឱ្យបានដឹងពីវិធីបណ្ដុះស្មារតីក្នុងការអានឱ្យឆាប់ចេះ ឆាប់ចាំ ឆាប់យល់ បានត្រឹមត្រូវ និងសមស្រប៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: អប់រំ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង