កណ្តាល៖រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី ២៣ កញ្ញានេះ បានប្រកាសអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មផ្សារសំរោងធំ ឡើងវិញ ដែលស្ថិតនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១តទៅ។នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីខេត្តកណ្តាល។
យោងតាមសេចក្តីសម្រេច បានគូសបញ្ជាក់ថា ក្នុងពេលដំណើរការអាជីវកម្មផ្សារសំរោងធំឡើងវិញអាជីវករ និងសាធារណៈជនទូទៅ ត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់ នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និង ការវាស់កម្ដៅ ជាពិសេស អនុវត្តតាមវិធានការ “៣ ការពារ ៣ កុំ” ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មី ដែលតា(Delta)។
រដ្ឋបាលស្រុកកៀនស្វាយ ត្រូវទទួលបន្ទុកអនុវត្តដឹកនាំ ត្រួតពិនិត្យ និងសហការជាមួយគណៈកម្មការគ្រប់គ្រងផ្សារ ដើម្បីណែនាំដល់អាជីវករលក់ដូរត្រូវរៀបចំខ្សែសុវត្ថិភាពចងព័ន្ធជុំវិញទីតាំង ឬកន្លែងលក់ដូរនីមួយៗ ដើម្បីរក្សាគម្លាតសុវត្ថិភាព បុគ្គល ព្រមទាំងរៀបចំដាក់អាល់កុល ឬដែលសម្រាប់អតិថិជនលាងដៃគ្រប់ៗគ្នា,គ្រប់គ្រងកន្លែងលក់ទំនិញ ការផ្គត់ផ្គង់ទំនិញ និងអាជីវកម្មដ្ឋាន ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ដោយអនុវត្តតាមវិធានការសុខាភិបាល ,ណែនាំដល់បងប្អូនអាជីវករ និង ប្រជាពលរដ្ឋឱ្យប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធធនាគារ(ឬអនឡាញ) ឬឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ , កំណត់គោលការណ៍ចាំបាច់ ឬស្តង់ដារសុវត្ថិភាពសម្រាប់ការលក់ដូរ ផ្សេងទៀត ដើម្បីធានាប្រសិទ្ធភាពការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូដ-១៩ឬមេរោគបំប្លែងថ្មី ដែលតា(Delta)។
ជាមួយគ្នានេះ រដ្ឋបាលស្រុកកៀនស្វាយ ត្រូវអនុវត្តការហាមឃាត់ ឬ ផ្អាកជាដាច់ខាតនូវទីតាំង ឬទីកន្លែងលក់ដូរ ដែលមាន ការសង្ស័យ ឬរកឃើញករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឬមេរោគបំប្លែងថ្មី ដែលតា(Delta) ដើម្បីផ្តល់កិច្ច អន្តរាគមន៍ និងចាត់វិធានការឆ្លើយតប សំដៅទប់ស្កាត់និងកាត់ផ្តាច់កុំឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឬមេរោគបំប្លែងថ្មី ដែលតា(Delta) ទៅទីតាំង ឬកន្លែងផ្សេងទៀត៕