ឥណ្ឌា៖ ប្រទេសឥណ្ឌា និងអូស្ត្រាលីពិភាក្សាអំពីវិបត្តិសេដ្ឋកិច្ចនៅអាហ្វហ្គានីស្ថាន និងបញ្ហាសន្តិសុខសមុទ្រក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងកិច្ចសហប្រតិបត្តិការក្នុងទម្រង់ពហុភាគី កាលពីថ្ងៃសៅរ៍នៅទីក្រុងញូវដេលី។ នេះបើយោងតាមការចុះផ្សាយរបស់The Nation។
ប្រទេសឥណ្ឌាបានរៀបចំកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រី ២+២ ជាលើកដំបូងនៅទីក្រុងញូវដែលីជាមួយអូស្ត្រាលី។ ក្នុងកិច្ចប្រជុំនេះ មានវត្តមានរដ្ឋមន្ត្រីការពារជាតិលោក Rajnath Singh និងរដ្ឋមន្ត្រីក្រសួងការបរទេសលោក S. Jaishankar បានជួបសមភាគីអូស្ត្រាលី គឺលោករដ្ឋមន្ត្រីការពារជាតិ Peter Dutton និងរដ្ឋមន្ត្រីការបរទេស Marise Payne ហើយបានពិភាក្សាអំពីវិបត្តិនៅអាហ្វហ្គានីស្ថានដែលកើតចេញពីការកាន់កាប់របស់តាលីបង់។
បន្ទាប់ពីការពិភាក្សាស៊ីជម្រៅលើបញ្ហាទ្វេភាគី និងតំបន់រដ្ឋមន្ត្រីការពារជាតិលោក Rajnath Singh បាននិយាយថាកិច្ចសន្ទនា ២+២ បង្ហាញពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឥណ្ឌា-អូស្ត្រាលី។
តាមប្រភពដដែលបានឱ្យដឹងទៀតថា ឥណ្ឌា និងអូស្ត្រាលីចែករំលែកភាពជាដៃគូដ៏សំខាន់ដែលផ្អែកលើចក្ខុវិស័យរួមនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី ដោយបើកចំហរួមបញ្ចូលនិងវិបុលភាព។
ក្នុងកិច្ចប្រជុំពិភាក្សានេះ បានលើកឡើងថា ក្នុងនាមជាប្រទេសប្រជាធិបតេយ្យពីរគឺយើង(ឥណ្ឌា និងអូស្ត្រាលី) មានផលប្រយោជន៍រួមនៅក្នុងសន្តិភាពនិងវិបុលភាពនៃតំបន់ទាំងមូល ។
រដ្ឋមន្ត្រីការពារជាតិលោក Rajnath Singh បានបន្ថែមថា កិច្ចប្រជុំនេះ បានផ្លាស់ប្តូរទស្សនៈអំពីអាហ្វហ្គានីស្ថាន និងបញ្ហាសន្តិសុខសមុទ្រនៅឥណ្ឌូ-ប៉ាស៊ីហ្វិកកិច្ចសហប្រតិបត្តិការក្នុងទម្រង់ពហុភាគីនិងប្រធានបទពាក់ព័ន្ធផ្សេងទៀត។
គួរបញ្ជាក់ថា កិច្ចសន្ទនា ២+២ គឺជាលទ្ធផលនៃការសម្រេចចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលនិម្មិតរបស់មេដឹកនាំឥណ្ឌា-អូស្ត្រាលីនៅខែមិថុនាឆ្នាំ ២០២០ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនេះ ឥណ្ឌានិងអូស្ត្រាលីទទួលស្គាល់ថាទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានកម្រិតខ្ពស់គ្រប់ពេលវេលានាពេលបច្ចុប្បន្ន។