ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ការសម្រេចនេះធ្វើឡើងរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។
អាជីវកម្មដែលត្រូវផ្អាកជាបណ្តោះអាសន្នមានជាអាទិ៍ សាលារៀន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សាគ្រប់ប្រភេទ ជាពិសេសហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ និងរោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ។
ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាលនឹងផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬ ការប្រមូលផ្ដុំ មនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១៥ (ដប់ប្រាំ) នាក់ លើកលែងតែក្នុងករក៏មានការហាមការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋានជាមួយគ្នា ការរៀបចំពិធីបុណ្យសព ការជួបជុំរបស់ស្ថាប័នសាធារណៈ ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ការជួបជុំរបស់មន្ត្រីនគរបាលយុត្តិធម៌។
អាជ្ញាធរព្រមានថា ក្នុងករណីរកឃើញថាបុគ្គល ឬ នីតិបុគ្គលទាំងឡាយណា បំពានវិធានការនេះ ត្រូវអនុវត្តទណ្ឌកម្ម រដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈ ស្របតាមច្បាប់ស្តីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ដោយគ្មានការលើកលែង៕