ភ្នំពេញ៖ មេរោគកូវីដ១៩បំប្លែងថ្មីដែលតា កំពុងតែរាតត្បាត និងវាយលុកយ៉ាងសកម្មក្នុងសហគមន៍ ជាពិសេសខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត។ នេះបើតាមការលើកឡើងរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានបង្ហាញពីក្ដីបារម្ភ ខណៈវត្តមានរបស់មេរោគបំប្លែងថ្មីដែលតា កំពុងរាតត្បាតយ៉ាងសកម្មចូលក្នុងសហគមន៍មានខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាបព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា ការចម្លងនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត្រ។ ក្រសួងសុខាភិបាល រំពឹងថាប្រជាពលរដ្ឋនឹងរៀនរស់នៅធម្មតាជាមួយរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសពពួក ប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្ត នូវ គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់និងត្រឹមត្រូវ លើការពារ ៣កុំ និងកុំទៅកាន់ទីតាំង ៣ “ថ្មី” ដើម្បី ការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩នេះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហាកម្ពុជាបានរកឃើញអ្នក មានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) សរុបទាំងអស់ចំនួន ៤២៩នាក់ (ស្រី្ត ២០៩នាក់)។ភាគច្រើនជាពលករត្រលប់ពីប្រទេសថៃ និង ប្រទេសវៀតណាម អ្នកដំណើរមកតាមជើង ហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍៕