ត្បូងឃ្មុំ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានប្រកាសពីករណីស្លាប់របស់អ្នកជំងឺម្នាក់ឈ្មោះ អ៊ី ចាន់ធឿន ភេទស្រី អាយុ ៤២ឆ្នាំ បានស្លាប់ដោយសារការចងកធ្វើអត្តឃាតនៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដនៃមន្ទីរពេទ្យបង្អែកពញាក្រែក នៅយប់ម៉ោង១០ និង១០នាទី ក្នុងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកពញាក្រែកនៃរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នេះ បានគូសបញ្ជាក់ថា ស្រ្តីជនជាតិខ្មែរឈ្មោះ អ៊ី ចាន់ធឿន អាយុ ៤២ឆ្នាំ អាសយដ្ឋាននៅភូមិសមាគមន៍ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ជូនមកពីមណ្ឌលព្យាបាលកម្រិតស្រាលខេត្តត្បូងឃ្មុំ ប្ដូរទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដនៃមន្ទីរពេទ្យបង្អែកពញាក្រែកវិញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី ដោយមាន អាការៈក្អួតខ្លាំង និងក្អក និងមានជំងឺប្រចាំកាយដូចជា ជំងឺលើសឈាម ទឹកនោមផ្អែមរ៉ាំរ៉ៃ ហើយនិងជំងឺសួតរ៉ាំរ៉ៃ ។ វេលាម៉ោង ១៩ និង ០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ អ្នកជំងឺមានអាការៈក្អួតខ្លាំង និងហត់ បុគ្គលិកពេទ្យ បានចូលចាក់ថ្នាំ និង ដាក់សេរ៉ូមអោយនិងតាមដានរហូតអ្នកជំងឺធូស្បើយទើបចេញមកវិញ ។ លុះវេលាម៉ោង ២១និង៥១នាទី អ្នកជំងឺងើបចេញពីគ្រែដោយយកក្រមា១ ចេញទៅក្រៅ (មើលតាមកាមេរ៉ាសុវត្ថិភាព) ដល់ម៉ោង ២២និង១០នាទី ក៏ប្រទះឃើញអ្នកជំងឺចងកធ្វើអត្តឃាតបាត់បង់ជីវិតទៅហើយ។
តាមការសន្និដ្ឋាន និងរោគវិនិច្ឆ័យរបស់គណៈកម្មការកោសលវិច្ច័យរបស់មន្ទីរពេទ្យ និងស្នងការដ្ឋាននគបាលខេត្ត បានចុះពិនិត្យឃើញថា អ្នកជំងឺ អ៊ី ចាន់ធឿន បានស្លាប់ដោយសារធ្វើអត្តឃាត(ចងក)។
ចំពោះវិធានការនៃសាកសពអ្នកជំងឺ ត្រូវបានរៀបចំតាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រ រួចបញ្ជូនដោយរថយន្តគិលានសង្គ្ រោះទៅ បូជានៅវត្តសមាធិ នៅភូមិទួលអង្រឹង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព៕