ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២២នាក់បន្ថែមទៀត នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅក្រុងព្រៃវែង ចំនួន ១នាក់, ស្រុកបាភ្នំ ចំនួន ៦នាក់, ស្រុកពារាំង ចំនួន ៣នាក់, ស្រុកពាមរក៍ ចំនួន ៣នាក់, ស្រុកស្វាយអន្ទរ ចំនួន ២នាក់, ស្រុកសុីធរកណ្តាល ចំនួន ១នាក់, ស្រុកកំចាយមារ ចំនួន ១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ , ករណីឆ្លងមកពីរាជធានីខេត្ត និងប្រទេសថៃផងដែរ ដែលត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករៀងខ្លួននីមួយៗ។ ក្នុងនោះដែរ អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ពលរដ្ឋជាអ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ឱ្យដាក់ខ្លួនដាច់ដោយឡែក ហើយតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។
សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តព្រៃវែង មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១២៧៧នាក់ ដែលអ្នកដែលត្រូវបានព្យាបាលជាសះស្បើយសរុបចំនួន ៨០៦នាក់ , អ្នកជំងឺ ៤៥៤នាក់ទៀតនៅកំពុងសំរាកព្យាបាល និងស្លាប់សរុបចំនួន ១៧នាក់៕

