Cctimesw1140xh150cm copy

ជនជាតិចិនមួយក្រុម ចែកអាហារថ្ងៃត្រង់ដល់អ្នកធាក់ស៊ីក្លូ និងជនខ្វះខាត

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ជនជាតិចិនមួយក្រុម បានរួមគ្នាធ្វើអាហារថ្ងៃត្រង់ សម្រាប់ចែកជូនដល់ប្រជាជនខ្មែរមួយចំនួនដែលខ្វះខាត ជារៀងរាល់ថ្ងៃ ដោយឥតគិតថ្លៃ នៅបីទីតាំងផ្សេងគ្នា ខណៈកូវីដ១៩នៅមិនទាន់ធូរស្រាល។

លោក Eming បានលើកឡើងថា មូលហេតុដែលរូបលោក និងក្រុមការងារចែករំលែកអាហារថ្ងៃត្រង់ដល់អ្នកខ្វះខាត ដោយសារតែបច្ចុប្បន្ននេះ កម្ពុជាកំពុងជួបប្រទះនឹងជំងឺកូវីដ១៩។

លោកបន្តថា ដោយមើលឃើញពីភាពលំបាករបស់ប្រជាជនខ្មែរមួយចំនួន ដែលខ្វះលទ្ធភាព ដូចជាអ្នកធាក់ស៊ីក្លូជាដើម ទើបខាងក្រុមពួកលោកសម្រេចចិត្តបង្កើតអាហារនៃក្ដីស្រលាញ់ ដោយចែកបាយថ្ងៃត្រង់ទៅកាន់អ្នកខ្វះខាតទាំងនោះ ដើម្បីសម្រាកបន្ទុក និងចែករំលែកក្ដីស្រលាញ់។

លោកបន្ថែមថា ខាងក្រុមរបស់ពួកគាត់បានចាប់ផ្ដើមចែកអាហារថ្ងៃត្រង់តាំងពីខែឧសភា ថ្ងៃទី៧ ឆ្នាំ២០២១ មកម្ល៉េះ។ ហើយសម្រាប់អាហារថ្ងៃត្រង់នេះ ក្នុងមួយថ្ងៃចែកជូន៥០ ចាន ដែលរួមមាន បាយឆា ភេសជ្ជៈ និងទឹកអាល់កុល ពេលខ្លះមានទាំងតែគុជផងដែរ សម្រាប់ចែកជូនទៅអ្នកខ្វះខាតពិតប្រាកដ ជារៀងរាល់ថ្ងៃតែម្ដង។

ជាងនេះទៅទៀត ដោយមើលឃើញពីភាពខ្វះខាត និងទុក្ខលំបាករបស់ប្រជាជនមួយចំនួន កាលពីថ្ងៃចន្ទកន្លងទៅ ខាងពួកគាត់ក៏បានចែកចាយអាហារសម្រាប់ពេលថ្ងៃត្រង់នេះ នៅពីរទីតាំងផ្សេងទៀតផងដែរ ដោយក្នុងមួយថ្ងៃចែកបាយថ្ងៃត្រង់៥០ចាន ដូច្នេះក្នុងមួយថ្ងៃពួកគាត់ បានផ្ដល់បាយថ្ងៃត្រង់ទៅកាន់ជនដែលត្រូវការចំនួន១៥០ចានក្នុងមួយថ្ងៃ។

លោកបន្ថែមថា ដោយឃើញថានៅតែមានអ្នកដែលត្រូវការអាហារ ដូច្នេះលោកនិងក្រុមការងារនិងរៀបចំអាហារថ្ងៃត្រង់ឱ្យលើស ដើម្បីចែកជូនប្រជាជនខ្មែរដែលខ្វះខាត មានដូចជាអ្នករត់ស៊ីក្លូ ម៉ូតូកង់បី ម៉ូឌុប ជនចាស់ជរា គ្មានទីពឹង និងអ្នកបោសសម្អាតជាដើម។

សព្វថ្ងៃនេះ អាហារថ្ងៃត្រង់នៃក្ដីស្រលាញ់ គឺចែកជូនដល់អ្នកខ្វះខាតមានបីទីតាំង ទីមួយនៅហាងស៊ីយូរ ទល់មុខសាលាបារំាង ទីតាំងទីពីរនៅហ្វូម៉ានឡូវ បឹងត្របែក និងទីតាំងទីបីគឺហាងនំពងមាន់ដុត ផ្លូវ៣១០។

លោក Eming បានឱ្យដឹងថា ការចំណាយក្នុងការចែកអាហារដោយឥតគិតថ្លៃនេះ គឺជនជាតិចិនមួយចំនួនដែលរស់នៅប្រទេសកម្ពុជាជាអ្នកចូលរួមចំណែក ដោយអ្នកខ្លះបរិច្ចាគលុយ ខ្លះទៀតជួយជាអង្ករ បន្លែ ត្រីសាច់ ឬរបស់ប្រើប្រាស់ផ្សេងៗជាដើម។

លោកមានប្រសាសន៍ថា៖« ខ្ញុំសង្ឃឹមថា ការចែករំលែកបន្តិចបន្តួចនេះ នឹងជួយសម្រាលបន្ទុករបស់បងប្អូនប្រជាជនខ្មែរដែលជាអ្នកខ្វះខាត និងមានជីវភាពលំបាក ហើយក៏រំពឹងថាជំងឺកូវីដ១៩ នឹងឆាប់បញ្ចប់ទៅវិញ»។

លោកបញ្ជាក់ថា លោកពិតជាសប្បាយចិត្តណាស់ តាំងពីថ្ងៃដែលបានចែកអាហារនេះលើកដំបូងរហូតមកដល់ថ្ងៃនេះ ព្រោះអាហារទាំងនេះបានជួយដល់ប្រជានជនខ្មែរ ដែលមានជីវភាពខ្វះខាតពិតប្រាកដមែន ពិសេសអ្នកដែលបានមកយកអាហារមួយចំនួនជាជនពិការ ជនចាស់ជរា។ ដូច្នេះ សកម្មភាពទាំងនេះពិតជាមានអត្ថន័យណាស់សម្រាប់រូបលោក និងក្រុមការងារទាំងមូល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង