ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៣១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅក្រុងព្រៃវែង ចំនួន ១នាក់, ស្រុកព្រះសេ្តច ចំនួន ៩នាក់, ស្រុកពាមជរ ចំនួន ៨នាក់, ស្រុកសុីធរកណ្តាល ចំនួន ៥នាក់, ស្រុកស្វាយអន្ទរ ចំនួន ៣នាក់, ស្រុកមេសាង ចំនួន ២នាក់, ស្រុកពាមរក៍ ចំនួន ១នាក់, ស្រុកពារាំង ចំនួន ១នាក់, មកពីខេត្តកណ្តាល ចំនួន ១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ , ករណីឆ្លងមកពីរាជធានីខេត្ត និងក្រៅប្រទេស ដែលត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករៀងខ្លួននីមួយៗ។ ក្នុងនោះដែរ អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ពលរដ្ឋជាអ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ឱ្យដាក់ខ្លួនដាច់ដោយឡែក ហើយតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។
សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តព្រៃវែង មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១១៦៦នាក់ ដែលអ្នកដែលត្រូវបានព្យាបាលជាសះស្បើយសរុបចំនួន ៦៩២នាក់ , អ្នកជំងឺ ៤៦០នាក់ទៀតនៅកំពុងសំរាកព្យាបាល និងស្លាប់សរុបចំនួន ១៤នាក់៕